ប្លាក » រឿងខ្មោច

រាត្រីថ្ងៃចូលឆ្នាំខ្មែរ

គិតថាមិនចង់រំលឹកតែវាស្រស់ៗពេកហើយវាក៏ជារឿងមួយហួសពីការស្មាន តែដោយសារផេកនេះជាផេកហ្គេយ៍ ញុមសូមបរិយាយពីរឿងដ៏ស្រើបស្រាលផង រន្ធត់ញាប់ញ័រផង អោយអ្នកទាំងគ្នាបានអានកំសាន្ដ ជឿមិនជឿញុមក៏មិនថាអីដែរ។

រឿងនោះកើតឡើងក្នុងរាត្រីថ្ងៃចូលឆ្នាំចុងក្រោយថ្ងៃទីបី គឺញុមនិងគ្រួសារបានធ្វើដំណើរទៅលេងស្រុកកំណើតឯខេត្តត្បូងឃ្មុំ តាំងពីមុនចូលឆ្នាំមួយថ្ងៃព្រោះគិតថាចង់សម្រាកនៅផ្ទះយាយអោយបានយូរ ម្យ៉ាងពួកយើងចូលចិត្តរស់នៅជាលក្ខណៈបែបស្រុកស្រែជាជាងរស់ក្នុងបិយាកាសអប់អួរនៃទីក្រុង តែដោយសារជីវភាពការងារ និង ការសិក្សា ទើបម៉ាក់ប៉ាញុមសម្រេចនាំគ្នាមករស់នៅក្នុងភ្នំពេញ។ មានបុណ្យឈប់សម្រាកម្ដងម្កាលដូចជាចូលឆ្នាំថ្មី រឺភ្ជុំបិណ្ឌដាក់បិណ្ឌអី គ្រួសារញុមមិនដែលដើរកំសាន្ដទៅណាទេ គឺនាំគ្នាមកភូមិកំណើតដើម្បីមកលេងបងប្អូនពូមីងយាយតា ព្រោះប៉ាម៉ាក់ញុមកំរមានពេលទំនេរដូចគ្នាណាស់ ម្នាក់ៗសុទ្ធតែរវល់ការងាររៀងៗខ្លួន។ ញុមវិញខានមកស្រុកពីរឆ្នាំហើយ ព្រោះឆ្នាំទៅមុន រវល់តែត្រដរខ្យល់ដោះស្រាយរឿង assignment និងប្រលងប្រចាំឆមាសបញ្ចប់ឆ្នាំទី 2 និង ទី 3។ ឆ្នាំនេះកុំអីក៏មិនបានមកដែរតែម៉ាក់ថាយាយញុមនឹកចៅប្រុសតែម្នាក់របស់គាត់ខ្លាំងណាស់ ទើបញុមត្រូវសុំអវត្តមានពីការសិក្សាមកជួបជីដូនចាស់ដែលញុមស្រលាញ់បំផុតសិន។ 7 more words

រឿងក្ដៅសាច់

ស្ថិតនៅក្នុងសម័យបនប្រល័យពូជសាសន៏ខ្មែក្រហម មនុស្សគ្រប់គ្នាសឹងមិនដែលបានស្គាល់រឺទទួលនូវការផ្គត់ផ្គង់ចំណីអាហារឲ្យបានគ្រប់គ្រាន់តាមតម្រូវការរាងកាយ
របស់ពូកគេឡើយ។ អ្នកខ្លះត្រូវលួចលាក់យកគ្រឿងអង្ការប្តូរយកជាអង្គរ ស្ករ អំបិល តាមក្តីប្រថ្នារបស់គេ ដោយលួចលាក់មិនឲ្យខាងអង្គការដឹងទេ។ ក្រុមគ្រួសារខ្ញុំក៏បានស្ថិតនៅក្នុងរបបដ៏សាហាវមួយនោះផងដែរ តែជាកុសលល្អ ពូកគាត់អាចរស់នៅសុខសាន្តរូចពីក្តីស្លាប់នៅក្នុងសម័យនោះបាន។

អ្នកម្តាយជាទីគោរពរបស់ខ្ញុំ កាលពីជំនាន់នោះទើបតែមានវ័យជាង១០ឆ្នាំ លោកត្រូវបានគេបង្ខំឲ្យដើរកាប់គាស់ ជីកកកាយព្រះធរណី ដាំដំឡូង ធ្វើស្រែ និងការងារគ្រប់ប្រភេទ។ ខុសស្រលះពីក្មេងសម័យនេះ ដែលភាគច្រើនបានទៅសាលា និង រស់នៅក្រោមការគ្រប់គ្រងរបស់គ្រួសារ។

សូមស្លេះពីការពណ័នានូវកាឈឺចាប់ទាំងនោះសិន ថ្លែងពីរឿងព្រឺព្រួចមួយដែលអ្នកទាំងអស់ គ្នារង់ចាំអាន។ …………….

ថ្ងៃនេះបន្ទាប់ពីបញ្ចប់នូវការប្រមូលផល អង្គការដ៏មហាអស្ចារ្យបានសម្រេចចិត្តឲ្យសមមិត្តដែលរួចការងារបានវិលទៅលេងផ្ទះរយះពេល២ថ្ងៃ។ ម្តាយខ្ញុំក៏បានរួចរះធ្វើដំណើរទៅតាំងពីល្ងាច ដោយសារតែគាត់នឹករលឹក តា យាយខ្ញុំ ណាមួយ យាយខ្ញុំពេលនោះមានរបួសខ្នង សឹងតែពិការមិនអាចដើរបាន។ ផ្លូវពីកងចល័តមកផ្ទះពិតជាឆ្ងាយណាស់ ដូច្នេះម្តាយខ្ញុំសម្រេចចិត្តដើរតាមផ្លូវកាត់ចូលមកក្នុងព្រៃព្រោះវារហ័សជាង ណាមូយខ្លាចយប់ជ្រៅផង។ តាមមាត់ស្ទឹងដ៏ស្រស់ផូរផង់ មានសម្លេងបក្សាបក្សីស្រែកលេង ជាមួយនឹងសំរស់នៃដើមអំពិលទឹក ដែលកំពុងប្រយោលខ្លួន ធ្វើឲ្យម្តាយខ្ញុំមិនអាចទប់ទឹកមាត់បាន គាត់ក៏សំរេចចិត្តឡើងបេះវា ដើម្បីធ្វើជាចំណីឆីតាមផ្លូវ ណាមួយទុកផ្ងើរប្អូនៗនៅផ្ទះទៀត។ ពេលកំពុងបេះអំពិលទឹកនោះគាត់ដូចជាព្រឺខ្នងណាស់ មិនបង្អង់យូរគាត់ក៏ងាកក្រោយមកឃើញតាចាស់ស្លៀកសរពាក់សរពីរនាក់សម្លឹងមកគាត់ ហើយនិយាយទៅកាន់គាត់ថា៖ ចៅឯងមកធ្វើអីនៅទីនេះ? ម្តាយខ្ញុំគិតថាពូកគាត់ទាំងពីរប្រហែលជាអ្នកស្រុកចាស់នៅទៅនេះហើយ បានគេឲ្យស្លៀកសរបានព្រោះថាអ្នកនៅក្នុងភូមិគ្មាននរណាស្លៀកពាក់សរបានទេ ម្តាយខ្ញុំក៏តបដោយភ័យខ្លាចថា៖ សុំទោសលោកតា ខ្ញុំឃ្លានពេកក៏បេះអំពិលទឹកខ្លះទុកហូបតាមផ្លូវ និងផ្ងើរអាអូន វានៅផ្ទះ ណាមួយម្តាយខ្ញុំគាត់ឈឺផង គ្មានអីផ្ងើរគាត់ទេ តាកុំប្រាប់គេណាតា អាណិតខ្ញុំផង។ ម្តាយខ្ញុំលត់ជង្គង់អង្វរយ៉ាងសង្វែក។ តាចាស់ម្នាក់ទៀតក៏បានឆ្លើយកាត់ថា៖ អើ!បានហើយ ឲ្យវាបេះទៅ កុំធ្វើបាបវា។ នែ! អាចៅចាំតាបេះឲ្យណា ឯងចាំរើសទៅ និយាយមិនទាន់ចប់ផងម្តាយខ្ញុំបានឃើញផ្លែអំពិលទឹកទុំៗជាច្រើនចង្កោមជ្រុះមកក្រោម គាត់ក៏បានរើសយ៉ាងលឿនដោយមិនខ្វល់ថាតាគាត់បេះរបៀបណាទេ បានជ្រុះមកច្រើនយ៉ាងនេះ ជាចុងក្រោយ ស្រាប់តែសម្លេងតាសួរនៅក្រោយខ្នងថា ម៉េចចៅគ្រប់នូវ? ម្តាយខ្ញុំតបដោយក្តីសាទរថា៖ ចាសលោកតា គ្រប់គ្រាន់ហើយ ខ្ញុំអរគុណណាស់តាស។ នេះយកថ្នាំនេះទៅ (សម្លេងតាម្នាក់ទៀត ដែលរាងកាចនិយាយ) យកទៅដាំទឹកឲ្យម៉ែឯងទៅ ថ្នាំនេះល្អណាស់មិនងាយមានទេ ហើយនេះស្វាយយកទៅហូបម្នាក់មួយទៅ។ មកចាំតាជូនដំណើរត្បិតអីសត្វសាហាវច្រើនណាស់។ ម្តាយខ្ញុំកាលបើចងរបស់របរសព្វគ្រប់ហើយ គាត់ក៏ធ្វើដំណើរតាមតាចិត្តល្អទាំងពីរនាក់នោះទៅ រហូតដល់ផ្លូវចេញពីព្រៃ ម្តងនេះគាត់ដើរមិនដល់១ម៉ោងផង បានចេញផុតពីព្រៃជ្រៅបាត់ គាត់ក៏បានថ្លែងអំណរគុណតាទាំងពីរនោក់ រួចដើរមកបានប្រហែលជា៣ម៉ែត្រម្តាយខ្ញុំក៏ងាកក្រោយរកសូរថាផ្ទះគាត់នៅឯណា ស្រាប់តែបាត់គាត់រកមិនឃើញ នៅសល់តែលលកពីរក្បាលទុំលើមែកឈើសម្លឹងមកគាត់។ តែគាត់មិនភិតភ័យទេ ព្រោះទោះជាយ៉ាងណាគាត់ក៏បានអំណោយពីតាច្រើនដែរ សម្រាប់ជូនម៉ែពុកនិងប្អូនៗ។

មាត់ស្ទឹងក្នុងភូមិ……………….

នាង អើយនាង ដើរទៅណាហ្នឹង? សម្លេងនារីភ័យចំណាស់ម្នាក់ស្រែកពីលើផ្ទះគាត់មក។
ម៉ែ៖ ចាស យាយខ្ញុំទៅផ្ទះខ្ញុំ។
យាយ៖ អើ កូនចៅអ្នកណាគេហ្នឹងអាញមិនដែលឃើញមុខ។
ម៉ែ៖ ចាស ពុកខ្ញុំឈ្មោះហឿន។
យាយ៖ ចៅលោកបងសៅមែនទេ? នាងមកចូលអង្គុយលើផ្ទះយាយសិនមក។
ម៉ែខ្ញុំមិនបដិសេធទេ ដោយគាត់នៅក្មេង គាត់គិតថាចាស់ៗច្បាស់ជាឲ្យនំគាត់ឆីហើយ បើមិនបាននំក៏បានតែផឹកដែរ ត្បិតអីអ្នកក្នុងភូមិគេមិនខ្វះទេ រឿងតែស្ករនោះ មិនដូចជាគាត់ទេ ផឹកតែទឹកឆៅ រឺពេលខ្លះទឹកតាមដានជើងគោក៏មាន។
ម៉ែ៖ ជំរាបសួរលោកយាយ។
យាយ៖ អើ!! អាញមិនដែលឃើញមុខវាពីរមុនសោះ។ ស្រាប់តែមានសម្លេងចេញពីខាងក្រោមផ្ទះមកថា៖ ហឿងនឹងគ្រូសារវាជាអ្នកទីក្រុងណាម៉ែ គ្នាបែកទៅយូរហើយម៉េចម៉ែឯងស្គាល់។
យាយ៖ មែនហើយ នេះផឹកទឹកតិចទៅ។
ម៉ែខ្ញុំរកផឹកហើយស្រាប់តែគាត់ក្រលេកភ្នែកចូលទៅក្នុងផ្ទះយាយ ឡើងងងឹតហើយយាយនោះគាត់រុំមុខជិត ដូចខ្លាចត្រូវកម្តៅខូចពណ័ស្បែក ម៉ែខ្ញុំមានអារម្មណ៏ថាភ័យៗ គាត់ក៏បានវារចុះពីលើជណ្តើរមកម្តង១កាំៗ ហើយស្រែកលាយាយថា៖ យាយអើយខ្ញុំលាទៅសិនហើយ ត្បិតអីយប់ហើយយាយ ម៉ែខ្ញុំក៏រត់រហូតដល់ផ្ទះ។

ម៉ែកាន់បង្វិចខោអាវដែលលាក់សុទ្ធតែរបស់ទទួលទាន ហើយហៅប្អូនមកលើផ្ទះ គាត់បាននិយាយប្រាប់ដំណើរដំណង ដែលមានតាចាស់ពីរនាក់ឲ្យថ្នាំមក គ្រាន់តែបានស្តាប់ហេតុការណ៏នោះអស់មក តាខ្ញុំក៏បានដាំថ្នាំឲ្យយាយទទូលទាន។ចានទី១ យាយខ្ញុំបានក្អួតមកសុទ្ធតែឈាមជាំក្រម៉ៅ ឃើញបែបនេះតាខ្ញុំគាត់មិនចង់ឲ្យយាយពិសារទៀតទេ តែយាយខ្ញុំថា យកមក ព្រោះគាត់ដូចជារាងធូរ គាត់បន្តផឹកជាប់រហូតដល់ថ្នាំអស់ជាតិ។ ស័ក្កសិទ្ធមែន ដំបៅគាត់បានសះ ហើយថ្ងៃបន្ទាប់ខ្ទុះឈាមក៏លែងមាន យាយអាចងើបដើរបានដូចមនុស្សធម្មតា ធ្វើឲ្យមនុស្សក្នុងភូមិមានការងើយឆ្ងល់ថាតើបានថ្នាំពូកែមកពីណាព្យបាលជាយ៉ាងនេះ? និយាយឲ្យត្រង់ចុះពូកកងឈ្លបវាចាំតែមើលយាយខ្ញុំទេ វាថាមិនហូសពី៣ថ្ងៃទៀតទេ បើយាយមិនព្រមទៅធ្វើការនោះវានឹងស្នើរយកទៅហើយ(សម្លាប់) តែជាកងកម្មកុសលមហាបុណ្យ យាយខ្ញុំបានជាហើយអាចទៅបំរើការងារឲ្យពួកតិរិច្ឆានទាំងនោះបានវិញជាប្រក្រតី។ ទោះជាយ៉ាងណាក៏មានពូកប៉ិនច្រណែនវាថា យាយខ្ញុំនេះឈឺពុត ទាល់តែគេជិតយកវៃចោលបានខំរូតរះថាខ្លូនជា។

ឃ្លាតទៅទាំងទឹកភ្នែក…

គម្រប់ពីរថ្ងៃហើយ ម្តាយខ្ញុំត្រូវទៅវិញ យាយតា ខ្ញុំក៏បានលួចដូរយកអង្ករដំណើបបានបីក្តាប់ នឹងប្រហុកពីយាយចុងភៅនៅរោងស្លរបានពីរច្រវ៉ា។ តានឹងយាយក៏បានដណ្តាំបាយដំណើប នឹងដុតប្រហុកនោះយ៉ាងឈ្ងុយឈ្ងប់ វេចនៅជាយក្រមារដាក់ចងនឹងចង្កេះម្តាយខ្ញុំ ហើយផ្តាំថា៖ កូនត្រូវដើរតាមផ្លូវក្នុងព្រៃនោះវិញណា ហើយដល់ដើមអំពិលទឹកដែលកូនបានជួបលោកតាទាំងពីរកូនត្រូវរកស្លឹកឈើមកក្រាលហើយស្រាយបាយដាក់នៅលើស្លឹកឈើនោះ រូចហៅលោកតាដែលបានឲ្យថ្នាំមកម៉ែ ឲ្យគាត់អញ្ជើញមកពិសារ ត្បិតអីយើងគ្មានអីសងគុណគាត់ក្រៅពីបាយមួយកញ្ចប់នោះទេ។
ម៉ែខ្ញុំក៏ធ្វើដំណើរទាំងខ្លាចផង ភ័យផង មិនមែនខ្លាចពេលចូលក្នុងព្រៃនោះទេ គឺខ្លាចដើរឆ្លងកាត់ធ្លារផ្ទះយាយបិទមុខម្នាក់នោះ តែម៉ែមិនហ៊ានបដិសេធនឹងតាយាយទេ។ ម្តងនេះម៉ោងជាង២ថ្ងៃត្រង់ហើយ មកដល់ជិតមាត់បឹងនោះឡើងស្ងាត់ ហើយផ្ទះយាយបិទមុខនោះវិញ គ្មានឃើញបើកបង្អួចទេ ឃើញតែបិទជិតឈឹង។ ម្តាយខ្ញុំក៏ដើរលបៗ គ្រាន់តែដល់មុខផ្ទះយាយនោះភ្លាម ម៉ែខ្ញុំដាក់មេផាយ រត់ប្រែនទៅមុខ ស្រាប់តែទ្វារផ្ទះរបើកឡើងដូចជាមានកម្លាំងមនុស្សច្រានមួយទំហឹងអញ្ជឹងម៉ែខ្ញុំងាកមើលក្រោយ ឧ!ពុទ្ធោអើយ យាយបិទមុខនោះឈរសម្លឹងមករកគាត់ហើយបក់ដៃស្រែកថា៖ មីអូន រត់លឿនៗ ខ្លាចអាញម្លេះហង មកនេះមើលយាយខ្ចប់ស្ករឲ្យស៊ី។ ម៉ែមិនព្រមឈប់ទេ ក៏រត់ទៅយ៉ាងលឿន រហូតដល់មាត់ព្រៃ គាត់បិទភ្នែក ហើយឧទ្ទិសក្នុងចិត្តថា សុំឲ្យលោកតាចិត្តល្អថ្ងៃមុនចេញមកជូយការពារពីយាយចាស់ចម្លែកនោះផង។ រំពេចនោះលលកពីរក្បាលក៏ហើរធ្លាក់មកចំមុខម្តាយខ្ញុំ ធ្វើឲ្យម្តាយខ្ញុំធូរចិត្តជាខ្លាំង ព្រោះគិតថាលលកនោះប្រហែលជាសត្វដែលតាចិត្តល្អចញ្ចឹមហើយ។ ម៉ែបានដើរបណ្តើរស្រែកច្រៀងតាមសូរសៀងធម្មជាតិ រហូតមកដល់ដើមអំពិលទឹក ម៉ែបានបេះស្លឹក ឈូកនៅក្នុងស្រះមួយជិតនោះមកក្រាលស្អាតបាតហើយក៏និយាយថា លោកតាចិត្តល្អនៅទីណា ម៉ែខ្ញុំផ្ងើរបាយដំណើរប្រហុកដុតមកជូន បើតានៅជិតនេះឆាប់ចេញមកប្រយត្ន័គេឃើញណាតា។ និយាយមិនទាន់ចប់ផង គាត់ក៏លឺសម្លេងមនុស្សនៅខាងក្រោយខ្នងនិយាយ៖ នាងមករកតាមែនទេ? តាបន្លឺឡើងដោយសម្លេងដង្ហក់។
ម៉ែ៖ តាម៉េចមកម្នាក់ឯងចឹង?
តា៖ អូ!រវល់ណាស់នាងអើយ តាមកបានតែម្នាក់ឯងទេ។
ម៉ែ៖ ចុះលោកតាមុខកាចគាត់រវល់ធ្វើអ្វី?
តា៖ នែ!ចៅកុំហៅគាត់ថាតាមុខកាចអី ប្រយត្ន័គាត់ខឹង តាមពិតគេម្នាក់ហ្នឹងចិត្តល្អណាស់ ដូចកាលម៉ែឯងហ្នឹងបានថ្នាំគាត់ទេកុំអីមិនដឹងម៉េចផង។ ប៉ុន្មានថ្ងៃនេះមនុស្សស្លាប់ច្រើនណាស់ តារវល់ប្រមូលសាកសពរៀបចំ។
ម៉ែ៖ ចឹងតាអ្នកដុតខ្មោច? (ម៉ែសួរដោយមិនដឹងអី ព្រោះកាលនោះម៉ែនៅតូចណាស់)
តា៖ (អង្អែលក្បាលម៉ែ) អើ! ថាចឹងក៏បាន ចុះចៅឯងរកតាធ្វើអី លឺស្រែកតាំងពីក្បាលព្រៃមក។
ម៉ែ៖ ខ្ញុំស្រែករកតាឲ្យមកជួយ ព្រោះយាយមួយនៅមាត់ស្ទឹងនោះគាត់ប្លែកៗណាស់ ខ្ញុំឃើញផ្ទះគាត់ឡើងងងឹតសូន្យឆឹង ហើយគាត់ដូចមនុស្សមិនមែនមនុស្សខ្មោចមិនមែនខ្មោច។
តា៖ វាមិនធ្វើអីឯងទេ កុំខ្លាចអី។ នែក!ហើយលឺថាបានអីផ្ងើរផង (តាមើលទៅម្ហូបអាហារក្រាលស្លឹកឈូក)។
ម៉ែ៖ (លើកអាហារជូនតា) នេះតាម៉ែផ្តាំឲ្យយកមកជូនដើម្បីជាការថ្លែងអំណរគុណដែលតាទាំងពីរបានជួយម៉ែចៅ។ តាអើយ!ផ្ទះខ្ញុំគ្មានអីបរិភោគទេ នេះម៉ែគាត់បានយកសំពត់សូត្រឪខ្ញុំទៅដូរទេ តាទទួលទៅណា ហើយទុកឲ្យតាចិត្តល្អ១ទៀតផង។
តា៖ អើ!អរគុណណាស់នាង បានមគ្គបានផល។ ហើយចៅចង់ឆីអំពិលទឹកទៀតទេ?
ម៉ែ៖ អត់ទេតា ខ្ញុំហូបថ្ងៃមុនឆ្អែតហើយ។
តា៖ អើរ! ចឹងយកស្ករត្នោតមួយដុំហូបទៅ គេទើបឲ្យតាមិញហ្នឹងដែរ តាចែកឲ្យឯង។
ម៉ែ៖ តា!ខ្ញុំអរគុណណាស់ ចឹងខ្ញុំជម្រាបលាតាសិនហើយ ត្បិតខ្លាចយប់ផង។
តា៖ បាន! ចាំតានាំដើរដល់ចុងព្រៃ។
ម៉ែ៖ចាស អរគុណតាខ្លាំងណាស់។

“សមមិត្ត” នេះជាសម្លេងស្រ្តីវ័យ៣០ឆ្នាំម្នាក់នៅពេលនោះដែលដៃដ៏ត្រជាក់ស្រេបមួយបានប៉ះមកលើស្មារម៉ែ។ ម៉ែភ័យណាស់បុកពោះភឹបៗ មិនដឹងថានរណាគេហៅខ្លូនបែបនេះ គាត់ក៏ក្រលេកក្រោយមើល ឃើញនារីម្នាក់ជាក់ជាមេកងឈ្លបដែលម៉ែនៅជាមួយ ម៉ែក៏តបសម្តីវិញថា៖ ចាស!សមមិត្តបងវី។
សមមិត្តវី៖ ហើយទើបមកពីណាបានដើរកាត់តាមនេះ?
ម៉ែ៖ ខ្ញុំទើបមកពីផ្ទះ តែជូនជាដើរផ្លូវត្រង់វាឆ្ងាយពេក ទើបសម្រេចចិត្តដើរចូលក្នុងព្រៃ ព្រោះជិតជាង។
សមមិត្តវី៖ ហើយឯងដើរម្នាក់ឯងទេ? អត់ខ្លាចទេ វាលស្មរស្មានផង កងឈ្លបវាមិនហ៊ានដើរចូលផង។ (មីងវីក៏ដាក់គូថអង្គុយចុះលើកំណាត់ឈើជាប់នោះ) កាលមុនមានមនុស្សដើរចូលក្នុងព្រៃហ្នឹងតែមិនដែលមាននរណាបានត្រលប់មកវិញទេ ព្រៃនេះធំណាស់ ចុះឯងដើរម៉េចរកផ្លូវចេញឃើញ? រូចម៉េចដឹងថាព្រៃហ្នឹងដើរកាត់ដល់ផ្ទះឯង?
ម៉ែ៖ កាលខ្ញុំនៅតូច តាខ្ញុំធ្លាប់ប្រាប់ព្រៃនេះជាព្រៃវិល ដើរវិលតាមថ្ងៃហ្នឹងដល់ផ្ទះតាខ្ញុំហើយ ចឹងខ្ញុំក៏សាកដើរទៅព្រោះគាត់ថា បើដើរតាមថ្ងៃទាន់មិនដល់មួយម៉ោងផងដល់ផ្ទះហើយ ដោយខ្ញុំឃើញផ្លូវចូលព្រៃនោះដូចជាមិនសូវស្មុគផង ខ្ញុំក៏សម្រេចដើរតាមនោះទៅ។
សមមិត្ត៖ ប្អូនឯងមានរបស់អីជាប់ខ្លូនអត់?
ម៉ែ៖ មានអីទៅបង? ខ្ញុំមានតែខោអាវមួយកំភ្លេរនិងក្រមារមួយហ្នឹង។ (ម៉ែក៏អង្គុយចុះនៅកំណាត់ឈើជិតនោះដែរ)។
សមមិត្តវី៖ មានដូចជា កាថា យន្ត រឺ ខ្សែកព្រះ ណា។
ម៉ែ៖ (ម៉ែគិតយល់ថាបើសិនជាអញឆ្លើយថាមានវានឹងសុំអញជាមិនខាន ហើយបើអញថាគ្មានវាមិនជឿអានោះទេ ស្រួលមិនស្រូលវារកលេសសម្លាញ់អញផងមិនដឹង)។ ចាស! ខ្ញុំមានខ្សែកព្រះមួយខ្សែដែរ កាលពីខ្ញុំទើបនឹងជំលៀសមកទីនេះ កាលឆ្នាំមុនណ្នរ មីងមេកងចាស់គាត់បានប្រមូលយកអស់ហើយ ខ្ញុំស្តាយណាស់បង បើពេលនេះវានៅនឹងខ្ញុំ ខ្ញុំនឹងយកឲ្យបងមិនខានទេ ព្រោះបងវីចិត្តល្អណាស់ ជួយខ្ញុំរហូត បើមីងនោះវិញកាចណាស់ ចូលចិត្តរករឿងគេ អញ្ចឹងហើយនៅមិននៅខ្មោចលងរហូតដល់ស្លាប់។
សមមិត្តវី៖ (កំពុងស៊ីជោរហើយ) អើរ! អាញគ្រាន់តែចង់មើលតាស បើគេយកហើយក៏យកចុះ។ តែឯងកុំទៅនិយាយប្រាប់គេឲ្យសោះ។ ឆាប់ចូលទៅក្នុងទៅ។

ពេលរាត្រីបានមកដល់ ម៉ែបានសំងំគេងពីព្រលប់ ព្រោះស្អែកនេះគេត្រូវឲ្យគាត់ឆ្លងទៅដាំដុះនៅក្នុងព្រៃមូយឆ្ងាយពីនេះ។ ម៉ែមានមិត្តម្នាក់នៅកងឈ្លបជាមួយគ្នាឈ្មោះថាវី អាយុស្របាលគ្នា ហើយតែងតែចែករំលែកនូវអារម្មណ៏ក្នុងចិត្តឲ្យគ្នាដឹងទៅវិញទៅមក។ មីងថាវីក៏លូចសូរម៉ែតិចៗថា៖ ហែង ដើរតាមព្រៃស្មរស្មានមែនពេលទៅផ្ទះ? ម៉ែក៏ឆ្លើយដោយសម្លេងខ្សឹបៗថា៖ ហ្នឹងហើយ! ហែងដឹងពីណាមក? គ្នាដើរតាមហ្នឹងមែន ហើយក៏បានជូបមនុស្សចិត្តល្អ គាត់ឲ្យថ្នាំគ្នាយកទៅដាំឲ្យម៉ែផឹក ឡូវនេះម៉ែគ្នាជាហើយ។
មីងថាវី៖ ចុះឯងប្រាកដហើយថាគាត់មនុស្ស?
(សំនូរនេះបានចាក់ដោយក្នុងអារម្មណ៏ម្តាយខ្ញុំតាំងពីពេលនោះមក គាត់មិនអាចរកចម្លើយនូវសំនួរដ៏សែនរន្ធត់នោះបានទេ ថាតើតាចិត្តល្អនោះជាខ្មោចរឺមនុស្ស? )
ម៉ែ៖ យីស ឯងនេះ! មើលសូរ។ បើសិនជាខ្មោចវិញ វាមិនដែលចិត្តល្អទេ ថាមិនត្រូវលងគ្នាហើយ តែគាត់នេះមិនមែនទេ គ្នាឃើញច្បាស់ណាស់ ជាមនុស្សទេ ជើងគាត់ដើរដល់ដី ហើយគ្មានកំបុតម្រាមដៃកណ្តាលផង គាត់ជាមនុស្សទេថាវី។
មីងថាវី៖ ចុះគាត់ស្លៀកពាក់អីដែរ?
ម៉ែ៖ ស្លៀកសរពាក់សរ តែថ្ងៃគ្នាមកវិញ គ្នាឃើញគាត់ស្លៀកដូចជាសំពត់សូត្រមានក្រមារមួយពាក់នៅនឹងករ។
មីងថាវី៖ គ្នាថាមិនមែន…….
(អេរ! ពួកនេះនៅខ្សឹបខ្សេវគ្នាដល់ណា ម៉េចចង់ក្បត់អង្គការមែន មិនគិតដេកយកកម្លាំងទេ ដល់ព្រឹកស្អែកថាក្រោកមិនរួច ទំរុនមិនព្រមធ្វើការឲ្យអង្គការ តាំងយកលេសថាអង្គការប្រើគ្មានពេលសម្រាក ពួកនាងឯងនេះសមស្នើរយកទៅរៀនសូត្រទេ) សម្លេងក្មេងស្រីអាយុ១២ឆ្នាំ និយាយដោយសម្តីមិនពិរោះស្តាប់មកកាន់ម្តាយខ្ញុំនិងមិត្តគាត់។ ក្មេងស្រីនោះជាប្អូនបង្កើតរបស់មេកងឈ្លបវី ដែលបានស្មុំវត្តុសកសទ្ធ័ពីម៉ែកាលពីថ្ងៃ នាងម្នាក់នោះតូចទេ តែសម្តីធំ ព្រោះគេអាងឪពុកគេជាជំនិតរបស់ សាឡាត់ ស នឹងមានបងស្រីជាមេកងឈ្លប។

បន្ទាប់ពីសម្រែករបស់ក្មេងស្រីខួរក្បាលអង្គការនោះបានបញ្ចប់ ភាពស្ងាត់ជ្រងំក៏បានវិលចូលកាន់កាប់ទាំងស្រុងនូងបរិវេណកងឈ្លបទាំងមូល។ សម្លេងខ្យល់បកវូរៗ!! យូរៗម្តងយើងអាចស្តាប់លឺសម្លេងលលកខ្មោចស្រែកយ៉ាងគ្រលួច ដែលជាសញ្ញាថានឹងមានមនុស្សស្លាប់ទៀតហើយ ម្នាក់ៗនាំគ្នារួញខ្លូនសំងំប្រជ្រៀតគ្នារកសុខ ធ្វើឲ្យសត្វទាំងនោះខំប្រឹងស្រែកបង្កើន អនុភាពរបស់ខ្លូនតាមចិត្តចង់។

ថ្ងៃថ្មី ដីថ្មី កម្លាំងពលកម្មចាស់………….

នេះប្រហែលជាជាង២ឆ្នាំហើយ ដែលរបបដ៏ខ្មៅងងឹតមូយនេះ បានមកហ៊ុំពទ្ធ័លើវាសនាប្រជាជនកម្ពុជាទាំងមូល របបគ្មានស្តេចគ្រប់គ្រងបានធ្វើឲ្យប្រទេសជាតិ កាន់តែដុនដាបទៅ សឹងហៅមិនលឺ ខណៈដែលប្រទេសជិតខាងកម្ពុជាបានអភិវឌ្ឈន៏ខ្លូនចាកចេញពីប្រទេសតតិយលោកទៅហើយនោះ។ ម៉ែបានមកដល់ដីថ្មី ដែលនៅកាន់តែឆ្ងាយពីផ្ទះ ទីនោះគាត់មិនដឹងថាគេឲ្យឈ្មោះថាជាអ្វីទេ តែវាជាព្រៃម្យ៉ាងដែលសំបូរទៅដោយដីគេជីកកាយហើយ ដូចជាធ្លាប់ប្រមូលផលរូចហើយដីនេះ។ មេកងថ្មីរបស់ម៉ែគឺជាកម្លោះរាងខ្ពស់សំដីម៉ាត់ៗ តែចិត្តល្អ អាយុប្រហែលជាង២៤ឆ្នាំ គាត់ជាអ្នកគ្រប់គ្រងនៅក្នុងព្រៃមួយនេះ សម្រាប់ការដាំដុះផ្សេងៗលើដីដ៏ធំដាច់កន្ទុយភ្នែក។
សូស្តីសមមិត្តទាំងអស់ ខ្ញុំឈ្មោះផន គឺថា ថ្ងៃនេះជាថ្ងៃថ្មីដែលពូកយើងចាប់ផ្តើមធ្វើការជាមួយគ្នា គឺថាដើម្បី ដើម្បីគឺថាឲ្យអ្នកទាំងអស់គ្នាដឹងពីតូនាទីរៀងៗខ្លូនខ្ញុំនឹងពន្យល់សមមិត្តត្រូសៗថា៖ មិត្តទាំងអស់មានតូនាទីជាអ្នកដាំដំឡូង តែដោយសារតែមិត្តនៅតូចៗផង អញ្ចឹងខ្ញុំនឹងផ្តល់ដីដែលគេកាប់គាល់រូចឲ្យមិត្តចុះ ដូច្នេះមិត្តត្រូវចែកគ្នាជាពីរកងស្មើរគ្នា ១កងរែកទឹកត្រួសដីឲ្យសើម មួយកងទៀតមានតូនាទីជាអ្នក ច្របល់ដីដើម្បីឲ្យវាស្មើរគ្នា។ មីងថាវីលឺដូច្នេះក៏អូសដៃម៉ែចូលជាមួយក្រុម ច្របល់ដី ព្រោះគាត់គិតថាដីធ្លាប់ដាំដំឡូង ហេងសយអាចប៉ះមើបដំឡូងបានយកមកដុតឆីផង។
សមមិត្តផនឧទានម្តងទៀត៖ អូ! គឺថា ដំបូងអ្នកទាំងអស់គ្នាត្រូវសង់រោងនៅសិន ព្រោះថាទីនេះគ្មានរោងទេ ដូច្នេះពីរថ្ងៃក្រោយបានយើងចាប់ធ្វើការ។
ក្រោយពីបញ្ចប់ការសន្ទនា ម្នាក់ៗក៏ដើរកាប់ដើមឈើ នឹងរកមែកឈើស្ងួតយកមកធ្វើជារោង ដើម្បីឆាប់បានរួចរាល់ហាលបានស្នាក់អាស្រ័យ ត្បិតអីជិតព្រលប់ហើយ។ មិនបានប៉ុន្មានម៉ោងផងរោងស្ទើរតែកំពស់ជាប់ដីមួយបានលេចចេញជារូបរាង រោងកំពុកនេះហាក់បីដូចជាចំណីព្រះវាយោរដែលងាយនឹងឆក់យកទៅដោយមិនដឹងខ្លូន។ រោងរបស់ពូផនក៏រូចរាល់ដែរ តែគេឆ្ងល់គ្រប់គ្នាថារោងពូផនធ្វើខ្ពស់ពីដី នឹងមានជណ្តើរកំពស់ប្រហែលជាពីរម៉ែត្រពីដី ម្នាក់ៗគិតថានេះដោយសារតែគាត់ជាមេកង ដូច្នេះគាត់ត្រូវធ្វើឲ្យខ្ពស់ដើម្បីបង្ហាញពីអំណាចចឹងហើយ។
ព្រឹកស្អែកមកដល់ អ្នកនៅកងឈ្លបជាមួយម៉ែបានក្តៅខ្លូន នឹងហើមជើងធំណាស់ ពួកគាត់មិនដឹងជាជួយអីបានទេ ក្រៅពីបន់ស្រន់ដល់ម្ចាស់ទឹកម្ចាស់ដី ដោយសារតែគាត់មានជំនឿថាប្រហែលចាញ់ទឹកចាញ់ដីទេ ព្រោះម្សិលមិញគាត់ម្នាក់ហ្នឹងបានទៅបត់ជើងតូចនៅក្រោមដើមជ្រៃចាស់មួយ។ ២ ម៉ោងក្រោយមកដោយសារមិនបាត់ មីងថាវីក៏បានរត់ទៅប្រាប់ពូផន ឲ្យមកជួយមើល។ ពូផនកាលបើបានដឹងសេចក្តីហើយ ក៏បីអ្នកជង្ងឺចេញមកក្រៅ ពុទ្ធោ! គាត់ស្រែក៖ ម៉េចបានជាមិនទៅប្រាប់ខ្ញុំតាំងពីដំបូង។ មីងថាវីឆ្លើយដោយត្រហេបត្រហមថា៖ ខ្ញុំចង់ទៅប្រាប់ដែរ តែរកមិត្តបងមិនឃើញ ទើបរត់មកមើលគេវិញ រហូតដល់មិនស្រូលខ្លាំងខ្ញុំក៏រត់ទៅរកមិត្តបងម្តងទៀត។
ពូផនមិនបង្អង់យូរ ក៏បានរត់ឡើងទៅលើខ្ទមរបស់គាត់ ទាញយកក្រមារមួយដែលក្នុងនោះមានសុទ្ធតែរមូរថ្នាំខ្លាំង ឫសឈើ និងកូនឆ្អឹងមួយដុំដែលខ្លោចដូចជាផេះ បុកបញ្ជូលគេរួចគាត់ក៏យកទៅបិទនៅមុខរបូសនោះ។ ពូផនបានយកដៃឈ្លឺក្បាលតិចៗ និយាយថាដឹងខ្លូនឡើង កុំដេកណា បើកភ្នែកមក។ មនុស្សម្នារបាននាំគ្នាមកឈរមើលគ្រប់គ្នា រហូតដល់អស់សង្ឈឹមថានឹងអាចជួយសង្គ្រោះមិត្តខ្លូនបាន ម្នាក់ៗនាំគ្នាឈរមើលដោយទឹកមុខស្រងូតស្រងាត់ ចំណែកម៉ែខ្ញុំនិងមីងថាវី ក៏អោបគ្នាយំដោយសេចក្តីរន្ធត់ព្រោះថាគាត់ជិតបាត់បង់មិត្តម្នាក់ ហើយសម្លេងលលកខ្មោចដែលស្រែកកាលពីយប់ម្សិលមិញនោះប្រហែលជាសញ្ញានៃចាកចេញរបស់មិត្តគាត់ហើយ។ ប្រហែលជាមួយសន្ទុះក្រោយពីសំលេងយំខ្សឹបខ្សូលបានបញ្ចប់ កុមារាខ្វះជីវជាតិម្នាក់នោះបានកម្រើកដៃជើងមកវិញ ហើយស្រែកថា ខ្ញុំស្រេកទឹកណាស់ សុំផឹកទឹក។ ម្នាក់ៗសប្បាយចិត្តណាស់ ព្រោះថាមិត្តខ្លួនបានរួចពីសេចក្តីស្លាប់ហើយ តែពូផនបដិសេធថាមិនទាន់ឲ្យផឹកទេមួយម៉ោងទៀតបានផឹកបាន។ យុវជនផនចិត្តល្អសម្តីត្រដិកក៏បានបីកុមារាត្រូវរបូសដាក់មកលើកម្រាលក្តារជាប់ដីនោះ និងបានប្រាប់ថា មិត្តវណ្ណាឯងត្រូវសត្វមានពិសចឹកកាលពីយប់មិញ នេះចេះសំណាងហើយបានមិត្តថាវីរត់មកប្រាប់ខ្ញុំទាន់ពេលទេ កុំអីមិត្តប្រហែលស្លាប់ហើយ។ មីងថាវីក៏បាននិយាយកាត់៖ អូរ! ខ្ញុំដឹងហើយ ដូច្នេះបានជាមិត្តបងធ្វើរោងខ្ពស់ផុតពីដី នេះដើម្បីការពារសត្វទាំងនោះ។
មិត្តផន៖ មែនហើយប្អូន! នេះដោយសារតែនៅក្នុងព្រៃមានសត្វសាហាវច្រើនណាស់ ដូច្នេះហើយបានជាត្រូវការពារ មិត្តមានបានដើរទៅខាងក្រោយ ខ្ទមខ្ញុំប្រហែលជា១០ម៉ែត្រ នោះមានកូនក្រូចសើចជាច្រើនដើមវាដុះជាជូរតម្រៀបគ្នា ចឹងហើយបានជាខ្ញុំមកសង់នៅទីនោះ។ តិចទៀតពូកមិត្តដើរទៅបេះក្រូចនោះម្នាក់ពីរ បីយកមកដាក់តាមខ្លូនពេលគេងគ្មានសត្វណាមកយារយីទេ ហើយប៉េះស្លឹកវាចង់ជាប់ទៅនឹងរបងរោងផង។
ក្រោយពីបានស្តាប់ការណែនាំដ៏ក្បះក្បាយរបស់ពូផន ពួកយុវជនតូចៗ បានដើរត្រលប់មករោងវិញ ហើយអ្នកមានកម្លាំងក៏គ្រាពូសុវណ្ណមកដែរ។
ថ្ងៃធ្វើការដំបូងបានចាប់ផ្តើម ថ្ងៃនេះម្នាក់ៗហាក់ដូចជាស្រស់ស្រាយណាស់ ព្រោះពូកគាត់ដឹងខ្លួនថាបានមេកងកម្លោះសង្ហារចិត្តល្អ មិនដូចជាមេកងមុនៗទេ ឆ្នាស់ក៏ឆ្នាស់ កាចក៏កាច សម្តីវិញរឹតតែកោងជាងធ្នូររបស់ព្រះរាមទៀត។ មីងថាវីវិញរឹតតែសប្បាយចិត្តព្រោះព្រឹកមិញពូផនថាអ្នកច្របល់ដី ពេលជីកបានដំឡូងនៅសល់អាចយកមកដុតចែកគ្នាហូបបាន គាត់គាស់បានដំឡូងជាច្រើនដូចជាគេកាប់ចោលទុកឲ្យហូប។ បន្ទាប់ពីការងារពេញមួយថ្ងៃ ក្រុម ពួកគាត់ប្រមូលបានដំឡូងជាងមួយល្អីដុតចែកគ្នាហូបយ៉ាងឈ្ងុយឆ្ងាញ់ ពូផនក៏ចូលរូមដែរ។ ម៉ែកាន់ដំឡូងហូបក្នុងចិត្តនឹកផ្ទះ នឹកប្អូនៗ នឹកម៉ែ នឹកពុក គាត់ស្រម៉ៃដល់កាលគាត់នៅភ្នំពេញមានអីបរិភោគបរិបូរណ៏ឆ្ងាញ់ជាងដំឡូងដុតនេះទៀត តែពេលនេះដំឡូងដុតឆ្ងាញ់ជាងអ្វីៗទាំងអស់។ ម៉ែកាត់ដំឡូងមួយកំណាត់លើកឡើងបួងសូងឧទ្ទិសឲ្យតាគាត់ដែលបានស្លាប់កាលពីឆ្នាំមុន កំណាត់ទី២ម៉ែឧទ្ទិសជូនខ្មោចដែលចិត្តល្អតាមថែរក្សាម៉ែទាំងឡាយមកទទូល។
មីងថាវីបានបង្កើតបរិយាកាសព្រឺព្រូចមួយបន្ទាប់ពីបានពបដំឡូងដាក់ចូលពេញមាត់។
មីងថាវី៖ មិត្តបងផន! មកធ្វើការនៅនេះយូរហើយ?
ពូផន៖ កាលពីឆ្នាំមុន។
មីងថាវី៖ ខ្ញុំឆ្ងល់ណាស់ ម៉េចគេមិនធ្វើនៅក្នុងព្រៃវិលមិត្តបង? ព្រៃនោះធំហើយ មិនសូវស្មុគទៀត។
ពូផន៖ ទេ! ព្រៃនោះមានមន្តអាគមខ្លាំងណាស់ អ្នកចូលក្នុងព្រៃនោះមិនងាយមានជីវិតចេញមកវិញទេ។ កាលមុនមានគេបញ្ជូនមនុស្សចូលទៅកាប់ឆ្ការដែរ តែគ្មាននរណាមកវិញបានឡើយ ទៅស្ងាត់ ទៅស្ងាត់ ក្រោយមកផ្លូវចូលព្រៃនោះបានក្លាយជាកន្លែងយក មនុស្ស ទៅសម្លាប់ចោល ហើយខ្ញុំលឺពីគេមកថា សាកសពមនុស្សដែលទុកនៅទីនោះ ១ថ្ងៃ គឺដឹងតែបាត់ហើយ ប្រហែលជាសត្វសាហាវមកស៊ីហើយ។
មីងថាវី៖ ខ្ញុំក៏ចង់ដឹងដែរ មិត្តបងមានដឹងប្រវិត្តព្រៃនោះអត់អាចនិយាយប្រាប់ពូកខ្ញុំបានទេ? (សម្លេងគាំទ្របានបន្លឺឡើងផ្ទួនៗគ្នា …. មែនហើយៗ ខ្ញុំក៏ចង់ដឹងដែរ!!!)
ពូផន៖ ខ្ញុំមិនសូវដឹងទេ ដឹងតមកពីគេដែរ តែកុំនិយាយប្រាប់អ្នកណាបន្តឲ្យសោះ។

ស្តាប់ពូផននិទាន………….

កាលពីជំនាន់មុនៗមក ព្រៃនោះសំបូរទៅដោយព្រាយ និង ខ្មោចសាហាវៗណាស់ អ្នកភូមិក៏លែងដែរចូលទៅរកជ័រ និងកាប់ឈើពីព្រៃនោះ ដោយសារតែជំនឿថាជាព្រៃចង្រៃ។ ក្រោយពីការបោះបង់របស់អ្នកភូមិ ព្រៃនោះបានក្លាយជាព្រៃស្មរស្មាន ដែលគ្មានមនុស្សទៅដល់ ក្រោយៗមក មានគ្រូថ្នាំម្នាក់គាត់បានចូលទៅរកថ្នាំនៅក្នុងព្រៃនោះ កូនចៅគាត់បាន ឃាត់ថាកុំឲ្យគាត់ទៅ តែគាត់បាននិយាយថាគាត់ត្រូវតែទៅព្រោះដល់ពេលគាត់ចូលទៅសង្គ្រោះជីវិតសត្វម្រឹគីម្រឹគាដែលរង់ចាំគាត់អស់រយះពេលយ៉ាងយូរហើយ មុនហ្នឹងទៅគាត់បានឲ្យកូនចៅគាត់មកជុំគ្នារួចក៏ធ្វើពិធីសូត្រមន្តដូចពិធីបុណ្យសព កូនចៅគាត់មិនហ៊ានឃាត់គាត់ទេ ដោយសារតែនេះជាការមានះរបស់ឪពុកខ្លូន ដូច្នេះពូកគេគ្រាន់តែសូរថា តើគេទៅលេងគាត់យ៉ាងម៉េចបាន? គ្រូថ្នាំនោះថាពេលទៅដល់មាត់ព្រៃឲ្យស្រែកហៅគាត់ទៅ គាត់ហ្នឹងចេញមកជួប តែមិនបាច់ឈានជើងចូលទេ ត្បិតមានសត្វសាហាវច្រើនណាស់ ខ្លាចវាយារយី។ ភរិយានិងកូនតាគ្រូថ្នាំតែងតែយកបាយម្ហូបទៅដាក់ជូននៅមាត់ព្រៃមិនដែលខាន ហើយម្ហូបនោះតែងតែបាត់ទៅដោយមិនដឹងថាតាគ្រូថ្នាំចេញមកហូប រឺក៏សត្វមកស៊ីទេ។ ចំណេរក្រោយមក កូនរបស់តាគ្រូថ្នាំបានអញ្ជើញតាអាចារ្យដ៏ពូកែម្នាក់ ឲ្យមកធ្វើពិធីជូនឪពុក ព្រោះថាគាត់ហៅឪពុកមកមិនដែលឃើញគាត់ចេញមកជួបដូចកាលពីមុនទេ។ តាអាចារ្យបានគុណគូរមើលទៅឃើញថា តាគ្រូថ្នាំទេពបានក្លាយខ្លូនទៅជាវិញ្ញាណការពារព្រៃនោះបាត់ទៅហើយ គាត់ក៏បានប្រកាសឲ្យអ្នកភូមិធ្វើបុណ្យឲ្យតាគ្រូថ្នាំយ៉ាងមហោឡារិក។ ប្រហែល៣ឆ្នាំបន្ទាប់ តាអាចារ្យពូកែនោះក៏បានស្លាប់ ហើយមុនស្លាប់គាត់បានឲ្យកូនគាត់យកទៅកប់នៅមាត់ព្រៃនោះ។ ក្រោយមកអ្នកភូមិក៏ជឿជាក់ថា តាទាំងពីរបានមករស់នៅជាមួយគ្នា នឹងឃុំគ្រងព្រៃទាំងមូល ជាពិសេសថែរក្សាសត្វទាំងឡាយនៅក្នុងព្រៃឲ្យបានសុខសាន្ត។

រឿងនិទានពូផនបានចប់ហើយ! មីងថាវីក៏លាន់មាត់ដែរ អូ!!! អញ្ចឹងតាទាំងពីរនោះជាខ្មោចទេ អារីអើយ សម្លេងនេះបានចាក់ដោតក្នុងខួរក្បាលម្តាយខ្ញុំនៅពេលនោះ។ ម៉ែមិនដឹងថាត្រូវជឿរឺមួយក៏អត់ទេ តែគាត់ពិតជាភ័យណាស់ ហើយនឹកស្ងើចខ្លួនឯងដែលដើរចូលក្នុងព្រៃនោះបាន។
បន្ទាប់ពីបញ្ចប់ការសន្យាដ៏ព្រឺព្រួចនោះមក ពូកគាត់ក៏បានបែកវូងគ្នាទៅសម្រាករៀងៗខ្លូន។
បន្ទាប់ពីបានចំណាយពេលជាច្រើនខែ នៅលើផ្ទៃដីដ៏មានជីវជាតិនោះមក ស្លឹកដំឡូងបានប្រញ៉ាយគ្នាលូតចេញមកក្រៅ ជាសញ្ញាញបញ្ជាក់ថាពូកគេមានសុខភាពល្អ និងរីកធំធាត់ គួរជាទីពេញចិត្តដល់អ្នកប្រមូលផល។ មិនបង្អង់យូរ ពូផន បានរៀបចំការប្រជុំកងឈ្លបមួយដែលមានសភាពស្ងប់ស្ងាត់មិនដែលធ្លាប់មានពីមុនមក។

នៅក្នុងអង្គប្រជុំ……………..

សមមិត្តទាំងអស់គ្នា នៅកន្លះខែទៀតគឺថាដំឡូងរបស់អង្គការអាចប្រមូលផលបានហើយ។
(សម្លេងទះដៃបានបន្លឺឡើង…. តាមពិតទៅទោះមិនចង់ទះដៃក៏ត្រូវតែធ្វើដែរ ព្រោះនៅកន្លែងណាមានឈ្មោះអង្គការ ទាសករនៃរបបអង្គការត្រូវតែសាទរដោយមិនអាចប្រកែកបាន រហូតវាបានក្លាយជាទម្លាប់សម្រាប់សមមិត្តវ័យក្មេងទាំងនោះ)
ដូច្នេះតើយើងនឹងដាំអ្វីបន្តទៀត? សំនួររបស់កុមារាសក់រួញអង្គារដី បានបន្លឺដោយក្តីសោមនស្ស ក្រៃលែង ហាក់ដូចជារីករាយក្នុងការធ្វើការក្នុងព្រៃជ្រៅមួយនេះពេកពន់។
ពូផន៖ ថ្នាក់លើបានបញ្ជាឲ្យពូកមិត្តធ្វើដំណើរឆ្លងទៅតំបន់ជួរមុខបន្ត។
(ឃ្លានេះបានធ្វើឲ្យយុវជនមិនទាន់ពេញវ័យទាំងនោះប្រែទឹកមុខទៅជាស្រពាប់ស្រពោន ដូចជាមិនពេញចិត្តនូវការជំលៀសទៅតំបន់ថ្មីនោះទេ)
ក្នុងអង្គប្រជុំថ្ងៃនេះខ្ញុំគ្រាន់តែចង់ប្រាប់មិត្តៗថា បន្ទាប់ពីប្រមូលផលហើយមិត្តអាចទៅលេងផ្ទះបាន៣ថ្ងៃ រួចត្រូវធ្វើដំណើរមកកន្លែងនេះវិញ ដើម្បីជួបជុំគ្នា រួចមេកងថ្មីនឹងមកនាំមិត្តៗទៅជាមិនខាន។
(គ្មានសំលេងសាទរអ្វីទៀតឡើយ ក្រោយពីបិទអង្គប្រជុំមក ក្មេងៗទាំងនោះបានបំបែកជួរគ្នាដោយទឹកមុខក្រៀមក្រំ ពិបាកនឹងរកអ្វីមកថ្លែងបាន)
មីងថាវីមានទឹកមុខគួរឲ្យអាណិតជាងគេ ហើយក៏គ្មាននរណាម្នាក់ដឹងថាមីងថាវី ដែលមានវ័យបងម្តាយខ្ញុំត្រឹមតែ៤ឆ្នាំនោះបានធ្លាក់ក្នុងរណ្តៅស្មេហ៏កម្លោះតួឯកក្នុងកងឈ្លបនោះតាំងពីពេលណាមកទេ។

លាហើយដីស្មេហ៏……..

ថ្ងៃប្រមូលផលបានបញ្ចប់ យប់នេះពូផនបានរៀបចំពិធីដុតដំឡូងហូបជុំគ្នា ឲ្យកងឈ្លបទាំងមូល។ លើកនេះមិនដូចជាកាលពីមុនទេ ដែលម្នាក់ៗសប្បាយចិត្តនឹងដំឡូងដុត ពួកគាត់ហាក់ដូចជាធុញទ្រាន់នឹងដំណាំហូបមើមមួយនេះណាស់ ព្រោះគាត់បានទទួលទានវាជារៀងរាល់ថ្ងៃទៅហើយ។ មួយសន្ទុះក្រោយមកពូផនបានដើរទៅលើកឆ្នាំងធំមូយមក ដាក់នៅកណ្តាលវ៉ូង។ ពូផនបើឆ្នាំងនោះឡើងចំហាយភាយនៃក្លិនដ៏ឆ្ងុយបានហើរចូលមកដល់ក្នុងច្រមុះគ្រប់គ្នានៅទីនោះ រហូតដល់ម្នាក់ៗភ្លេចនូវទុក្ខសោករបស់ខ្លូន រួចបែរមកចាប់អារម្មណ៏ចំណីក្នុងឆ្នាំង១នោះវិញ។ ពូផនបានដូសដាក់ក្នុងចានតូចៗ ចែកគ្នាមា្នក់មូយចានៗ។ ចំណីពូផនលើកនេះដូចជាសម្លរទឹក តែមានពណ័សរលាយនឹងស្វាយចាំងភ្លេកៗ វាឈ្ងុយណាស់។ ពូសុវណ្ណដែលទើបនឹងឡើងសាច់នោះបាន ហុតក្រូកចូលក្នុងបំពង់ករ អណ្តាតគាត់បានគ្រវៀសលិទ្ធជាមួយបបូរមាត់ដែលមានសំណើមតិចៗ ហើយបន្លឺឡើងថា៖ ផ្អែមណាស់ ឆ្ងាញ់ៗ នេះជាបង្អែមតាស បងផនខ្ញុំសុំមួយចានទៀត។ ពូសុវណ្ណបានហុតបបរដំឡូងស្វាយនោះចូលពោះយ៉ាងតក់ក្រហល់ រួចហុចចាននោះសុំពូផនមួយទៀត ធ្វើឲ្យអ្នកនៅជុំវិញខ្លូនមិនអាចទប់សំណើចជាមួយកាយវិការដ៏ក្រម៉ិចក្រមើមរបស់គាត់បានឡើយ។ សម្លេងហ៊ូរកញ្ចៀវបានចាប់ផ្តើមឡើង ទឹកមុខរបស់អ្នកកងឈ្លបទាំងអស់ក៏បានប្រែទៅជាសប្បាយរីករាយជាមួយបង្អែមជូនដំណើរមួយឆ្នាំងនោះវិញ។
បន្ទាប់ពីបរិភោគរួចរាល់ម្នាក់ៗក៏សម្រាកលក់នៅក្រោមភ្នក់ភ្លើងនោះ ព្រោះពូកគាត់នឿយហត់ជាមួយការងារដ៏ច្រើនកាលពីថ្ងៃ។ មីងថាវីដ៏គួរឲ្យអាណិតបានក្រោកដើរទៅជិតពូផន រួចនិយាយថា៖ មិត្តបងផន! តើខ្ញុំអាចនៅទៅនេះជាមួយមិត្តបងបានទេ ខ្ញុំមិនចង់ចាកចេញទៅណាទៀតទេ ព្រោះខ្ញុំមានសេចក្តីសុខនឹងនៅទីនេះជាងទីណាៗទាំងអស់។
ពូផនតបដោយទឹកមុខញញឹមស្មើរ៖ មិនបានទេមិត្ត! យើងមិនអាចជំទាស់បញ្ជារបស់ថ្នាក់លើបានទេ ណាមួយខ្ញុំក៏ជិតចាកចេញពីទីនេះដែរ ត្បិតអីគេឲ្យខ្ញុំចូលបំរើកងទព័ជួរមុខវិញម្តង។
មីងថាវី៖ តើពូកយើងអាចជួបគ្នាបានទៀតទេមិត្តបង?
ពូផន៖ ខ្ញុំក៏មិនដឹងដែរ ព្រោះយើងមានភារកិច្ចរៀងៗខ្លូន។
មីងថាវី៖ តើមិត្តបងប្រកាន់ខ្ញុំទេបើសិនជាខ្ញុំមានរឿងប្រាប់មិត្តបង?
ពូផន៖ ប្រាប់មកចុះប្អូន។
មីងថាវី៖ គឺថាខ្ញុំ …………….. ខ្ញុំ…. ខ្ញុំ ………… ខ្ញុំមានរបស់មួយឲ្យមិត្តបង! (មីងថាវីបានរមូរចង្កេះសំពត់របស់គាត់ ហើយទាញចេញមកនូវខ្សែករមាសមួយខ្សែរដែលមានបណ្តោងរូបហង្ស) នេះខ្ញុំជូនបង ហង្សនេះជាក្តេរ៏របស់ម្តាយខ្ញុំ។ ពុកម៉ែ ខ្ញុំត្រូវបានគេយកទៅសម្លាប់ចោល កាលពីបដិវត្តន៏អង្គការចូលមកដល់ ខ្សែកមួយនេះម៉ែផ្ងើរតាមមិត្តគាត់ទុកឲ្យខ្ញុំ គាត់ផ្តាំថាពេលខ្ញុំមានគ្រួសារ រឺក៏ជួបនឹងគូរស្រករដែលខ្ញុំពេញចិត្ត ឲ្យខ្ញុំយកខ្សែរក នេះប្រគល់ជូនដល់ជននោះ។ ដូច្នេះថ្ងៃនេះបងទទួលយកវាចុះ។
ពូផន៖ តែ!! ម៉េចបានប្រគល់ឲ្យខ្ញុំ (ពូផនអាយុ២៤ឆ្នាំរបស់យើង ប្រហែលជាមិនដែលមានស្មេហាទេដឹង?) គឺថា …
មីងថាវី៖ ចាស! ខ្ញុំពេញចិត្តមិត្តបង នឹងរាល់ទង្វើរដ៏ល្អរបស់មិត្តបង។ នៅក្នុងរបបនេះខ្ញុំមិនដែលបានជួបប្រទះនឹងមនុស្សចិត្តល្អណាម្នាក់ឡើយ តែមិត្តបងមិនដូចមនុស្សទាំងនោះ ទេ។ នេះជាហេតុផលដែលប្អូនចង់ផ្ងើរខ្សែជីវិតទាំងមូលជូនបង ក៏ប៉ុន្តែខ្ញុំដឹងថាប្រហែលជាមិនអាចសមដូចបំណង ដូច្នេះបើមិត្តបងមិនពេញចិត្តលើខ្ញុំ យើងអាចរាប់អានគ្នាជាបងប្អូនក៏បាន។
(ពូផនមិនបានតបអ្វីទេ តែហាក់ដូចជាអៀននឹងទង្វើររបស់មីងថាវីណាស់ យូរៗម្តងគាត់ងាកមុខចេញដោយសារតែខ្មាសនឹងសម្តីមីងថាវីសុំស្មេហ៏គាត់ត្រង់ៗពេក។ ពូតូឯករឹងខ្លូនអស់ហើយ គាត់ចង់តបសម្តីទៅស្រស់ស្រីទេវី តែមាត់គាត់ខំប្រឹងខ្ទប់ជាប់ខ្លាចរបូតពាក្យមិនសមគួរដាក់នារីស្រី។ បរិយាកាលដ៏រ៉ូមេនទិចនោះបែរជាបំផ្លាញនៅពេលដែលមានសម្លេង៖ ខ្មោច!! ខ្មោចៗៗ កុំលងខ្ញុំអី។ យុវជនម្ចាស់សំលេងកំពុងប្រវាយប្រតប់ជាមួយនឹងលំហរដែលគ្មាននរណាមើលឃើញថាជាអ្វី ធ្វើឲ្យមិត្តរួមក្រុមភ្ងាក់ដឹងខ្លូនឈូរឈរមើលកាយវិការនោះ។ សុវណ្ណៗ សុវណ្ណ ថីឯង ភ្ងាក់ឡើង!! សម្លេងរបស់ម្តាយខ្ញុំដាស់ពូសុវណ្ណ។ តាមពិតវាជាការមមើររបស់ពូសុវណ្ណសោះ ម្នាក់ៗឡើងភ័យប្រហោងពោះអស់ ចំណែកពូផនវិញក៏ហាក់តូចចិត្តមិនស្ទើរដែរ ដោយសារមិនទាន់បានសារភាពស្មេហ៏ផង ត្រូវគេមកកាត់ចង្វាក់បែបនេះ។
ព្រឹកព្រលឹងស្រាងៗ ពូផនបានកាន់របស់តូចមូយ រកមើលមិនច្បាស់ដោយសារតែមានដាក់ក្រមារបាំង គាត់ដើរមកកន្លែងស្នាក់របស់ពូកកងឈ្លប!
ពូផន៖ មិត្តរី! ឃើញថាវីទេ? (ពូផនសួរមកកាន់ម៉ែ)
ម៉ែ៖ អូ! វាដើរទៅចំការដំឡូងហើយ។
ពូផនមិនតបអ្វីច្រើនក៏ដើរសំដៅទៅទីដាំដំឡូងដោយស្នាមញញឹមពព្រាយ។
ថាវី! មកទីនេះមានការអ្វី? សម្លេងម៉ាត់ៗរបស់ពូផនបានបន្លឺឡើង។
ថាវី៖ ខ្ញុំ ខ្ញុំ…. ខ្ញុំ មក មក គ្រាន់តែមកមើលទេ មិនបានលួចបេះដំឡូងទេ។ (មីងវីហាក់ភិតភ័យនឹងសម្តីដ៏មានអំណាចមួយនេះ)
ពូផន៖ (ក៏ភ្លាត់សំណើចឡើង) ធ្វើកុំភ័យអី ខ្ញុំសំឡុតលេងទេ! ខ្ញុំមកនេះចង់តបនឹងសំនួររបស់នាងកាលពីយប់មិញ។ (គ្រាន់តែរំលឹកដល់រឿងយប់មិញ! មីងវី ដូចជារឹងខ្លួនម្តងវិញហើយ ម្តងនេះគាត់អៀនណាស់ ខំប្រឹងចាំស្តាប់ចម្លើយស្មេហ៏របស់ពូផន មីងវីគិតថាបើសិនជាគេបដិសេធមិនដឹងខ្មាស់គេប៉ុណ្ណាទេ ហើយខ្លួននៅក្មេងទៀត ទើបតែ១៧ឆ្នាំ មកហ៊ានសុំស្រលាញ់ប្រុស រឹតតែធ្វើឲ្យតម្លៃខ្លូនធ្លាក់ចុះ។ តែបើមិនសុំស្មេហ៏ឲ្យហើយទេ ខ្លាចមិនអាចជួបគ្នាបាន ព្រោះថាសម័យនោះមិនដឹងសេចក្តីស្លាប់មកដល់ពេលណាទេ)។
ពូផនបានយកដៃទាំងគូររបស់ខ្លូនមកចាប់ដៃមីងថាវីជាប់ រូចក៏បានលូកយកចញ្ចៀនត្បូងទទឹមមូយមកឲ្យមីងថាវី ដោយពូផនបានបំពាក់ជូនដល់មីងវី។
ពូផន៖ នេះជាចញ្ចៀនដែលម៉ែខ្ញុំចែកឲ្យដែរ គាត់ទុកឲ្យខ្ញុំពាក់ជូនដល់ភរិយាខ្ញុំ ទោះវាគ្មានតម្លៃស្មើរនឹងខ្សែករហង្សដែលនាងបានឲ្យខ្ញុំ តែខ្ញុំឲ្យនាងពីចិត្តស្មោះខ្ញុំ ហើយក៏សូមអរគុណសម្រាប់ការស្រលាញ់របស់នាងដល់ខ្ញុំ។ នាងចាំខ្ញុំណា ពេលដែលខ្ញុំចេញទៅធ្វើជាទាហ៊ានទព័មុខបានមួយរយះ ខ្ញុំនឹងសុំគេយកនាងជាភរិយាខ្ញុំ នាងត្រូវសន្យាចាំខ្ញុំណា។ ពីពេលនេះទៅនាងមិននៅឯការទេ ពេលដែលនាងពិបាកចិត្តមើលចញ្ចៀនត្បូងមួយនេះទៅ ខ្ញុំនឹងនៅជិតនាងជារៀងរហូត។
(បន្ទាប់ពីបញ្ចប់ការសន្យាស្មេហ៏នេះ ពូផនបានឈរអោបវិញវី សម្លឹងមើលទៅចំការដំឡូងដែលជាទីស្មេហ៏របស់គាត់)។
ម៉ែបានបបួលមីងវីទៅលេងផ្ទះ ត្បិតមីងវីគ្មានផ្ទះនឹងសាច់ញាត់នឹងគេទេ ណាមួយលើកនេះអាចសម្រាក់បានជាង៣ថ្ងៃ ចូល៤ថ្ងៃផង។ មីងវីក៏បានយល់ព្រមដោយក្តីរីករាយ។ ផ្លូវទៅផ្ទះកាន់តែរាងឆ្ងាយជាងមុនហើយ ម៉ែនិងមីងវីបានចេញដំណើររាងថ្ងៃបន្តិច ដូច្នេះទំរាំដល់ផ្ទះអាចយប់ជ្រៅផងមើលទៅ។ តែម៉ែបានសន្យាជាមួយមីងវីហើយថាមិនដើរតាមព្រៃវិលទេ ព្រោះមីងវីខ្លាចណាស់ ដូច្នេះពួកគាត់ក៏ជ្រើសរើសដើរតាមផ្លូវត្រង់ ដែលមានចំងាយរាប់សិបគីឡូ ដើរដោយថ្មើរជើង ម៉ែហត់ណាស់ តែគាត់បែរជាសប្បាយចិត្តវិញ ពេលស្រម៉ៃឃើញដល់មុខ ពុកម៉ែ និងប្អូនៗដែលកំពុងរង់ចាំនៅផ្ទះ។

ភូមិខ្មោច………..

ម៉ែដើរមកដល់ផ្លូវ១ដ៏ធំ ដែលកាលមុនម៉ែធ្លាប់ដើរតាមនោះដែរ។ ទីដ៏ធំនោះជាកន្លែងសម្លាប់រង្គៀល ដែលម៉ែអាចឃើញឆ្អឹង និង សាកសពមនុស្សស្លាប់ស្អុយរលួយ ពាសពេញ។ យូរៗម្តងកូនត្មាតបានហោះចេញមកឆាបឆក់យកចំណីឆីជាទីឆ្ងាញ់ពិសាររបស់វា។ មីងវីបានកាន់ដៃម៉ែជាប់ស្អិតហើយនិយាយថា៖ ពុទ្ធោ! ពុទ្ធោ!! ម៉ែមិនបានចាប់អារម្មណ៏ទេ ព្រោះម៉ែធ្លាប់បានឃើញពីមុនមកហើយ។ ម៉ោងប្រហែលជាជាង៤ហើយ សុរិយាចាប់ផ្តើមលាលោក បន្សល់នូវដួងខែរះលឹបៗ ប្រុងប្រៀបខ្លួនមកបង្អួតសម្រស់ដ៏ត្រកាលរបស់ខ្លួនម្តងវិញ។ មីងវីបានសួរម៉ែថា៖ ឯងអើយ!! ផ្លូវគេនេះស្ងាត់ណាស់ យប់បាត់ហើយ។ ម៉ែតបវិញថា៖ ប្រហែលពីរម៉ោងទៀតដល់ផ្ទះហើយ កុំភ័យអីឯង។ ដើរមកដល់ដើមត្នោតមួយមីងវីក៏ឈប់រួចអង្គុយចុះបន្តិច ដើម្បីជាការរង្វាន់ដល់ជើងទាំងគូររបស់មីង ស្រាប់តែពេលនោះ សម្លេងធាងត្នោតងេតងត លាយជាមួយសម្លេងខ្យល់បក់ខ្លាំងៗបានបោកបក់មក ធ្វើឲ្យម៉ែនិងមីងចម្លែកក្នុងចិត្តក្រៃ។ បុរសចាស់មាឌធំម្នាក់ក៏បានដើរចេញពីក្រោយដើមត្នោតចេញមកសួរពូកគាត់ថា៖ មកធ្វើស្អីនៅទីនេះ? មីងវីក្រោកឈរហើយតបវិញថា៖ ខ្ញុំទៅផ្ទះខ្ញុំ តែដើរយូរពេកក៏ឈប់សម្រាកមួយភ្លែតទៅ។ តាមកពីណាដែរ? តានោះតបវិញថា៖ ផ្ទះយើងនៅហ្នឹង ហើយឃ្លានទេ? នោះផ្លែត្នោតយក ទៅហូបទៅ (តាចង្អុលទៅលើគំនរត្នោតដែលនៅជិតនោះ) ចំណែកម៉ែខំប្រឹងងាករកមើលផ្ទះដែលតាចង្អុលនោះ គ្មានឃើញផ្ទះទេក្រៅពីវាលសុទ្ធតែស្មៅ នឹងដើមឈើដុះស៊ុបទ្រុប ចំណែកមីងវីវិញរវល់ត្រេកអរនឹងគំនរត្នោតដ៏ច្រើនមិនដែលធ្លាប់ឃើញពីមុនមក។
មីងវី៖ តា! ឲ្យខ្ញុំសុំខ្លះមកចឹងនោះ។ (មីងវីងាកទៅរកម្ចាស់ត្នោតបែរជាមិនឃើញ នៅសល់តែក្រណាត់សរមួយផ្ទាំងចងជាប់នឹងដើមត្នោត។
ម៉ែ៖ អាវី គ្នាថាមិនស្រួលទេ នៅម្តុំនេះគ្មានផ្ទះទេ តោះពូកយើងក្រោកឡើងដើរទៅមុខទៀត។
មីងវីមិនព្រមដើរទៅទេ ក៏ងើយមើលទៅចុងត្នោត។ ពុទ្ធោ! តានោះជាខ្មោចមែន គាត់អង្គុយយោលជើងចុះមកក្រោមដែលជើងគាត់នោះវែងណាស់ជាង២ម៉ែត្រ ឯភ្នែកគាត់នោះមើលមកមីងវីលានថ្លែ អណ្តាតវែងៗរបស់គាត់បានលូតចុះមកក្រោម បំរុងចាប់ច្បាបមីងវីយកទៅដាក់ក្នុងមាត់ធ្វើឲ្យមីងវីភ័យណាស់ បានទាញដៃម៉ែហើយរត់ចេញទៅ។
មីងវី៖ អារី រត់ទៅយើង!
មីងវីចាប់ដៃម៉ែរត់យ៉ាងលឿន តែបែរជាម៉ែស្រែកពីក្រោយមកវិញថា កុំរត់លឿនពេក គ្នារត់់តាមមិនទាន់ទេ។ មីងវីក្រលេកមើលដៃដែលខ្លូនកាន់នោះ ជាដៃកូនក្មេងមកពីណាមិនដឹង ស្លៀកតែខោខ្លីក្បាលសុទ្ធតែឈាមជោក។ ក្មេងនោះសើចដាក់មីងវី រួចនិយាយថាសប្បាយលេងទេ ៗ។ ម៉ែពេលរត់មកទាន់មីងវី ក៏បាននិយាយថាឯងកើតអី? មីងវីស្រែកឡើងថា ខ្មោចៗ ខ្មោច!! ស្រាប់តែសម្លេងលលកខ្មោចបានបូលយ៉ាងគ្រលូច។ ម៉ែដឹងថាច្បាស់ជាជួបខ្មោចហើយ គាត់ក៏លូកចូលក្នុងបង្វិចខោអាវយកគាថាប្រាក់មួយសន្លឹកមកវៃផ្អឹបជាប់នឹងថ្ងាស់មីងវី។ ភ្លាមៗនោះសម្លេងលលកនោះក៏ឈប់បូល បន្សល់ទុកនូវការភ័យខ្លាចជាបន្តទៀតឲ្យម៉ែនឹងមីងវី។ បន្ទាប់ពីបានគាថាសកសទ្ធ័បិទលើក្បាលនោះមក មីងវីដូចជាបាត់បង់អស់ភាពភ័យខ្លាច ហើយស្វាហាប់ក្នុងការដើរទៅមុខ មីងចាប់ដៃម៉ែជាប់រួចរំកិលខ្លួនដើរតាមផ្លូវនោះរហូតកាត់ចូលតាមស្រែវិញ។ ម្តងនេះមានរទេះសេះអ្នកភូមិគេបរកាត់ គេបានហៅម៉ែនិងមីងវីជិះជាមួយ។
រទេះគោបានបរលូនតាមផ្លូវដែលគ្មានមនុស្សនៅនោះរហូតដល់ដើមរាំងមួយដើម ពូគីរីបានឈប់រទេះនោះ ដោយបានប្រាប់ម៉ែថា៖ ពូ ចុះនោមមួយភ្លែត ក្មួយទាំងពីរចាំនៅក្នុងរទេះនេះហើយ។ ពូគីរីដែលម៉ែស្គាល់ច្បាស់ថាជាអ្នកធ្លាប់ធ្វើការនៅអគ្គិសនីកម្ពុជាឯទីក្រុងភ្នំពេញកាលពីមុននោះ បានដើរចូលក្នុងគុម្ពព្រៃជិតនោះបាត់ទៅ។ មីងថាវីបន្ទាប់ពីឈប់ភ័យខ្លាចនោះក៏បានពោលដោយសម្លេងស្អកៗថា៖ ឯងស្គាល់ពូហ្នឹងច្បាស់ដែរ? គ្នាខ្លាចតែខ្មោចលងទៀតទេ។ ម៉ែតបវិញថា៖ គាត់មិនមែនខ្មោចទេ ផ្ទះគាត់នៅជិតឪគ្នាដែរតាស។
មីងថាវី៖ ចុះគាត់មកម្តុំនេះមានការអីដែរ? បររទេះទាំងយប់មិនមានដាក់អីផងហ្នឹង។
មែ៖ (គ្រាន់តែរំលឹកដល់ចំណុចនេះម៉ែរាងព្រឺសម្បុសខ្ញាកដែរ) គ្នាក៏ឆ្ងល់ដែរ តែ… តែ ឯងកុំគិចច្រើនពេក។
មីងថាវីដូចជាមិនសូវស្ងប់ក្នុងចិត្តទេ ចេះតែអន្ទះសារ ងាករកពូគីរីមិនឃើញ មេឃក៏កាន់តែងងឹតរកមើលអីមិនឆ្លុះ។ ឃើញដូចនេះ ម៉ែក៏ស្រែកពីលើរទេះ សំដៅកន្លែងដែលពូគីរីបានចូលទៅថា ៖ ពូអើយ ពូ!! មានរឿងអីហ្នឹងពូ!! ចាំពូយូហើយអត់ឃើញពូមកវិញចឹង? សម្លេងមូយបានស្រែកមកវិញថាទៅហើយ ទៅហើយ។ ពូគីរីដែលបានវិលត្រលប់មកវិញដោយខ្លូនញ័រចំប្រប់ មិនដឹងថាកើតអី។ ឃើញដូច្នេះម៉ែក៏សួរទៅវិញថា ពូ! ពូ! មានរឿងអី បានញ័រខ្លាំងម្លេះ។ ពូមិនបានឆ្លើយទេ គ្រាន់តែតបថា កុំនិយាយអីក្មួយ ចាំដល់ផ្ទះពូប្រាប់។
រទេះនោះបានបរចាកចេញពីផ្លូវដ៏សែនអាថ៏កំបាំងនោះរហូតមកដល់ធ្លាផ្ទះយាយបិទមុខដែលម៉ែខ្លាច ម៉ែចេះតែចោលកន្ទុយភ្នែកងាកមើលចុះឡើងៗ មើលទៅក្រោមផ្ទះដ៏សែនចម្លែកនោះ។ ខ្យល់រាត្រីបក់រសៀកចូលមកលួងលោមអារម្មណ៏ភ័យខ្លាចរបស់ក្មេងស្រីដ៏គួរឲ្យអាណិតពីរនាក់នោះ ពូគីរីគិតតែបញ្ជារយាន្តជំនិះគាត់ទៅមុខ ដោយមិនមានមាត់កអីមូយមាត់។ ម៉ែនៅមិនសុខសោះ ក៏ងាកក្រោយមើលសំដៅទៅផ្ទះចម្លែកនោះម្តងទៀត គាត់ឃើញមានភ្លើងលឹបៗនៅក្រោមផ្ទះ ហើយភ្លើងនោះមានពណ័ចម្លែកមិនដូចភ្លើងចន្លុះ ដែលគេធ្លាប់ដុតនៅផ្ទះគាត់ទេ។ កាន់តែមើល ភ្លើងនោះកាន់តែច្បាស់ដូចកំពុងរំកិលខ្លូនមកកាន់គាត់។ ម៉ែដូចជាភ័យហើយក៏ងាកមកកាន់ដៃមីងថាវីជាប់ មើលសំដៅទៅផ្លូវខាងមុខដែលជិតដល់ផ្ទះ ស្រាប់តែម៉ែលឺសូរសម្លេងល្វើយៗពីចំហៀងដៃ ម៉ែក៏ងាកមើល ពុទ្ធោ!! ថ្មើរនេះហើយមានមនុស្សមកអង្គុយអីនៅទីនោះទៀត? គាត់គិតភ្នកក្នុងចិត្តថាតិចមានមនុស្សដើររកផ្ទះមិនឃើញហើយងងឹតមិនអាចរកផ្ទះឃើញទៅបានមកអង្គុយសំកុកនៅទីនេះ។ ម៉ែលើកចន្លុះនៅជាប់នឹងដៃមីងថាវី មកឆ្លុះមើលឲ្យកាន់តែច្បាស់!!!! មិនអាចទៅរួចទេនាងនោះស្អាតណាស់ ញញឹមពព្រាយមករកម៉ែ ម៉ែឆ្ងល់ណាស់ក៏សួរថានាងជាអ្នកណា? ពូគីរីនិយាយកាត់ កុំនិយាយជាមួយវាអីក្មួយ។ មីងថាវីក៏ឧទានកាត់ថា៖ ខ្មោច!! ម៉ែភ័យណាស់ក្រលេកមើលក្រោយម្តងទៀតនាងនោះបានផ្អៀងក្បាលមកចំហៀង ម៉ែបានប្រាប់ថាក្បាលនាងនោះគឺមានតែមួយចំហៀង។ ហើយនាងយកដៃរបស់នាងរុកចូលក្នុងក្បាល ច្បាមទាញនូវវត្តុអ្វីម្យ៉ាងចេញមក ហើយញាត់របស់នោះចូលមាត់។ ម៉ែលែងហ៊ានមាត់កអី រទេះក៏បានលូនមកដល់ផ្ទះតានិងយាយដោយសុវត្តិភាព។

ការពិតដ៏សែនព្រឺព្រូច…….

ព្រលឹមស្រាងៗពូគីរីបានមកដល់ផ្ទះតាយាយហើយនិយាយប្រាប់ថា៖ លោកបង! កូនលោកបង ដូចជាកំពុងជួបគ្រោះហើយ យប់មិញនេះខ្ញុំប្រហោងពោះធ្លុងហើយ មិននឹកស្មានថាបានមកដល់ភូមិទេ ភ័យរឿងពូកកងឈ្លបវារាយការណ៏ផង ភ័យរឿងខ្មោចលងផង។
តាបានសាកសួរថាមានរឿងអីលោកប្អូន ខ្ញុំក៏ឆ្ងល់ដែរថាយប់មិញនេះមានរឿងអីកើតឡើង ត្បិតខ្ញុំឃើញវាមកជាមួយលោកប្អូនទាំងយប់ តែពេលមកដល់ខ្ញុំមិនហ៊ានសួរនាំទេ ខ្លាចមានគេ លួចស្តាប់ក្រោមផ្ទះណាលោកប្អូន។
ពូគីរីងាកមើលឆ្វេងស្តាំក៏ចាប់ផ្តើមនិយាយរឿងនោះថា៖ លោកបងដឹងទេ! ល្ងាចម្សិលមិញនេះ លោកអ៊ំសៅបានមករកខ្ញុំស្រស់ៗតែម្តង (ពុកលឺដូច្នេះក៏រំកិលខ្លូនចូលមកកៀក) គាត់មកប្រាប់ថាឲ្យចេញរទេះទៅជួយនាងរីផង ត្បិតអាត្នោតចុងភូមិវាកំពុងចង់បានអ្នកយាមត្នោតឲ្យវា។ ខ្ញុំនេះខ្លាចផងភ័យផង តែអ៊ំសៅបានប្រាប់ថាកុំភ័យអីចាំអាញជួយឯង ចេញតែរទេះទៅ។ ខ្ញុំក៏ធ្វើដំណើរចេញទៅ ពេលនោះភ័យណាស់ព្រោះមេកងឈ្លបវាដើរតាមហ្នឹងផង តែដូចជាចម្លែកណាស់វាមើលខ្ញុំមិនឃើញទេ ខណះដែលខ្ញុំបររទេះកាត់មុខវាហើយ វានៅដើរធ្វើហីទៀត។ ខ្ញុំខំបរកាត់ព្រៃខ្មោចទៅ ជួបខ្មោចច្រើនណាស់តែវាធ្វើអីខ្ញុំមិនបានទេ ដោយសារមានអ៊ំសៅជិះពីក្រោយ ខ្ញុំបានបរទៅដល់កន្លែងអាត្នោតវានៅ ពេលនោះខ្ញុំបានចុះទៅបត់ជើង ស្រាប់តែ ខ្ញុំត្រូវខ្មោចអាត្នោតវាបំរុងវៃបំបាក់ករ ដោយសារតែខ្ញុំមកជួយក្មួយរី និងមិត្តគេ វាប្រាប់ខ្ញុំថាបើខ្ញុំមិនចេញទៅទេ វានឹងយកទាំងខ្ញុំទៀត ខ្ញុំភ័យណាស់ វាបានពន្លូតដៃវាបំរុងច្របាច់ករខ្ញុំ ខ្ញុំស្រែកយ៉ាងណាក៏គ្មានអ្នកលឺដែរ រំពេចនោះលោកអ៊ំសៅក៏បានលេចខ្លួនចេញមក ប្រយុទ្ធជាមួយអាត្នោត។
ខ្មោចអាត្នោតនោះវាកាចខ្លាំងណាស់ តែកុំបានអ៊ុំសៅទៅជួយទេ កុំអីកូនលោកបងមិនដឹងយ៉ាងណាផង (តាខ្ញុំលឺតែប៉ុណ្ណេះក៏លើកដៃបួងសួងធ្វើមាត់ជិបអូចៗ មិនដឹងថាម៉េច ម៉ែនិងមីងថាវីដែលខំប្រឹងលួចស្តាប់តាមប្រហោងរនាមនោះ ក៏កាន់តែលឺខ្សោយទៅៗ រកស្តាប់គ្នាមិនបាន)។ មិនទាន់និយាយចប់ផង ពួកពពតនិយមក៏ដើរកាត់តាមនោះ ជាហេតុធ្វើឲ្យពូគីរីនិងតាយាយ បំបែកវ៉ូងគ្នាយ៉ាងរហ័សត្បិតអីខ្លាចគេឃើញ។
ថ្ងៃនេះយាយត្រូវគេផ្លាស់ប្តូរឲ្យទៅធ្វើការនៅកន្លែងចុងភៅ គាត់កាន់ការជាអ្នកកូរស្ករត្នោត និងដាំស្លរ យាយសប្បាយចិត្តណាស់ព្រោះដឹងច្បាស់ថាគាត់អាចមានរបបអាហារទទួលទានគ្រប់គ្រាន់ និង អាចលួចលាក់ចំណីចំណុកបន្ថិចបន្តួចយកមកផ្ងើរតានិងកូនៗ។ ដូច្នេះថ្ងៃនេះយាយអាចឈប់សម្រាកបាន១ថ្ងៃ មុននិងទៅកាន់តំណែងថ្មីនោះ។ ចំណែកតាវិញមិនសូវជារវល់ទេ ទាល់តែខែរកត្រី បានគេនាំតាទៅ គាត់ទៅម្តងៗ ៥ថ្ងៃអីបានត្រលប់មកវិញ។ ដូច្នេះថ្ងៃនេះជាថ្ងៃជួបជុំគ្រូសារមួយដ៏រីករាយក្នុងរបបនោះ ដោយសារតែទំនេរតាបានអង្គុយពិភាក្សាជាមួយយាយមួយសន្ទុះក្រោយមក តាបានឡើងទៅលើផ្ទះ បន្សល់ទុកឲ្យយាយនៅខាងក្រោម។
តាបានទាញយកហិបមួយនៅខាងក្រោមទូរឈើកញ្ចាក់មួយ តាហូតថ្នមៗធ្វើឲ្យម៉ែនិងមីងថាវីតាមមើលដោយឆ្ងល់ តាទាញយកបានសរសៃធូបឆ្មារ៣សរសៃ!!! (ពុទ្ធោ!!! តាខ្ញុំដូចជាប្រថុយជីវិតពេកហើយត្បិតសម័យនោះគេមិនឲ្យយើងអុជធូប រឺធ្វើការគោរពបូជាអីទេ បើគេដឹងគេនឹងយកទៅសម្លាប់ចោលហើយ)។ តាបានអុជធូបរួចធ្វើការបន់ស្រន់យ៉ាងយូរ តាអង្គុយចាំមើលធូបដែលកំពុងឆេះមិនទាន់ដល់ពាក់កណ្តាលផង តាក៏អោនក្រាបៗ រួចយកធូបនោះពន្លត់ដាក់ចូលក្នុងហិបសម្ងាត់នោះទៅ។ នៅក្រោមកំប៉ុងជើងធូបនោះតាបានមូលរបស់ម្ស៉ាងហើយក៏លើកកេះមួយនៅក្រោមនោះ ទាញយកអំបោះសីមា ពណ័កាកអំពៅ២សរសៃសឹងមើលមិនឃើញ រួចហៅម៉ែ និង មីងថាវី ឲ្យចូលមកជិត។ តាបានឲ្យអំបោះនោះ ហើយផ្តាំថាត្រូវសៀតជាប់នៅនឹងខ្លួនរៀងរាល់ពេល ព្រោះវាអាចការពារពីសត្រូវផ្លូវងងឹតនានា។

ថ្ងៃវិលទៅវិញ…………

ម៉ែនិងមីងវីត្រូវបានចាកចេញទៅកាន់កន្លែងថ្មី ដែលមិនទាន់ដឹងកោះត្រើយនៅឯណា។ ម៉ែនៅតែជ្រើសរើសផ្លូវត្រង់ដដែល ដោយសារតែការអង្វររបស់មីងវី ម្តងនេះ ពូកគាត់ចេញដំណើរតាំងពីព្រឹក ព្រោះមិនចង់ឲ្យយប់ទាន់។ ម៉ោងប្រហែលជាង១១ថ្ងៃត្រង់ហើយ ពួកគាត់បានដើរមកដល់ដើមត្នោតដែលអាត្នោតបានលងគាត់ ស្រាប់តែក្លិនអីមិនដឹងទេ ដូចជាក្លិនទឹកស៊ីអ៊ីវខាប់បានឈួលមកចូលច្រមុះគាត់។
ម៉ែនិយាយថា៖ វី!! តោះស្រូតដំណើរឡើង ដូចមិនសូវស្រួលទេ។
មីងថាវី៖ អារី!! សម្រាកនៅនិងសិនទៅ គ្នារុយជើងណាស់ ណាមូយនៅនេះមានម្លប់ត្រជាក់ទៀត ឯងដើរទៅមុខទៀតច្បាស់ជាដាច់ខ្សល់មិនខានទេ។
ម៉ែ៖ តែ!!! ឯងភ្លេចរឿងថ្ងៃមុនហើយ។

មីងវីគ្រាន់តែលឺដូច្នេះក៏រាងព្រឺខ្លូន គាត់ចង់ងើយមើលទៅលើ តែតាហាមថាទោះមានរឿងអីក៏កុំងើយមើលឲ្យសោះ។ ពួកគាត់ទាំងពីរក៏ធ្វើដំណើរបន្តរហូតដល់ផុតទីទួលនោះទៅ។ ពួកគាត់បានដើរមកដល់ភូមិអ្នកស្រុកវិញហើយ គាត់សប្បាយចិត្តណាស់ ព្រោះមេឃនៅមិនទាន់ងងឹត គាត់អាចបន្តដំណើរចូលមកក្នុងព្រៃដំឡូងនោះបានយ៉ាងងាយ។ ម៉ែក៏បានចូលទៅក្នុងរោងសំរាកយកកម្លាំងសម្រាប់ការចេញដំណើរបន្តនៅថ្ងៃស្អែក ចម្លែកតែមីងវីគាត់បានដើរទៅកន្លែងផ្ទះពូផន តែមិនឃើញនរណាម្នាក់សោះ គាត់នឹកឆ្ងល់ក្នុងចិត្តជាខ្លាំង មិនដឹងសូរនរណាគេ ដូច្នេះក៏ត្រលប់មករោងសម្រាកវិញ។

បេសកម្មដែលមិនអាចទៅរួច…….

ព្រះអាទិត្យបានចាំផ្តើមត្រៀមខ្លូនមកផ្លាស់ប្តូរជាមួយព្រះចន្ទដ៏សែនស្រទន់បាត់ទៅហើយ រូបរាងស្រ្តីចម្លែកម្នាក់ក៏បានលេចខ្លួនឡើងជាមួយនិងទឹកមុខគួរឲ្យខ្លាច យើងអាចសន្និដ្ឋានបានថានារីវ័យជាង៣០ឆ្នាំនោះប្រហែលជាមេកងថ្មីហើយ។ ក្រុមយុវជនកុមារបានត្រៀមខ្លួនជាស្រេចរង់ចាំស្តាប់បញ្ជាមេកើយថ្មីរបស់ខ្លួនដោយប្រុងប្រយត្ន័។
មេកងថ្មីនោះបានបន្លឺសំដីម៉ាត់ៗថា៖ សមមិត្តទាំងអស់ចាំស្តាប់! ខ្ញុំឈ្មោះសមមិត្តវិជ្ជានី នឹងត្រូវធ្វើជាមេកងរបស់សមមិត្តទាំងអស់ចាប់ពីពេលនេះតទៅ ដូច្នេះថ្ងៃនេះយើងត្រូវធ្វើដំណើរឆ្លងទៅតំបន់លើ ដើម្បីចាប់ផ្តើមការងារថ្មី។
“ស្អីគេទៅតំបន់លើ?” នេះជាសំនួរដែលមាននៅក្នុងខួរក្បាលក្មេងរាល់គ្នា តែមិនមាននរណាហ៊ានតបសួរគាត់វិញទេ ព្រោះមេកងថ្មីនេះមើលទៅកាចណាស់ ម្នាក់ៗបានត្រឹមតែដើរតាមគាត់ដោយធ្វើមុខឆ្ងល់គ្រប់គ្នាថាតើការងារថ្មីរបស់ពួកគាត់ជាអ្វី?
ធ្វើដំណើរជាង១យប់មួយថ្ងៃម្តាយខ្ញុំនិងមិត្ដដទៃទៀតបានមកដល់កន្លែងមួយ ដែលជាទីទួលខ្ពស់ម៉ែមិនចាំថាវាជាកន្លែងណាទេ តែគាត់ជឿជាក់ថាវាស្ថិតនៅចន្លោះខេត្តកំពង់ធំនិងសៀមរាប ព្រោះថាបើសិនជាធ្វើដំណើរទៅមុខតិចទៀតគឺ សុទ្ធតែព្រៃមីន ដែលកាលនោះពួកពពតបាននាំគ្នារាយដាក់កុំឲ្យមានខ្មាំងសត្រូវចូលមកវាយបាន និងការពារកុំឲ្យទាសកររបស់ខ្លួនរត់ចេញបាន។ នៅទីនោះមានរោងសម្រាកស្រាប់ដូចជាធ្លាប់មានអ្នកមកដល់មុនគាត់ទៅទៀត ម៉ែនឹកស្មានថាប្រហែលជាអ្នកចាស់គេចាកចេញទៅធ្វើការងារនៅកន្លែងផ្សេងហើយ។ រាត្រីកាលមកដល់ ពូសុវណ្ណបានលួចខ្សឹបប្រាប់ម៉ែថាពូផនផ្តាំប្រាប់ថា គាត់ទៅបំរើកងទព័នៅជួរមុខហើយ ឲ្យម៉ែមើលថែមីងវីផង (ពូសុវណ្ណប្រហែលដឹងរឿងមីងវីនិងមេកងផនដែលហើយ នៅតែម៉ែដែលធ្វើមុខឡេងឡង់មិនដឹងថាមានន័យដូចម្តេច)។ ម៉ែបានយកដំណឹងនេះទៅប្រាប់មីងវី ហើយមីងវីក៏បាននិយាយរឿងគាត់ឲ្យម៉ែស្តាប់ពីដើមដល់ចប់។ រាត្រីនោះក៏ជារាត្រីដែលម៉ែឃើញមិត្តគាត់ហូរទឹកភ្នែករលីងរលោង ម៉ែមិនដឹងថាត្រូវលូងលោមយ៉ាងណាទេ ព្រោះមិនយល់ថាស្មេហាជាអ្វីទេ ក្រៅពីប្រាប់ថាកុំបារម្ភអីគាត់និងមករកឯងមិនខានណា។ ពាក្យមួយឃ្លានេះហើយដែលធ្វើឲ្យមីងវីចងចាំមិនភ្លេច ហើយរក្សាជំហររង់ចាំពូផនលុះដល់គ្រាអវសាន្ត។
ថ្ងៃថ្មីបានមកដល់ ការងារក៏ត្រូវចាប់ផ្តើម មេកងថ្មីបានបញ្ជាឲ្យក្រុមការងារម៉ែ ទៅជីកប្រលាយដែលមានជំរៅជ្រៅគួរសម អាចថាកំពស់ជាង២ម៉ែត្រ។ ក្មេងៗមិនទាន់គ្រប់កម្លាំងទាំងអស់មានការភ្ងាក់ផ្អើលនឹងការងារនេះណាស់ ព្រោះពួកគាត់មិនដែលធ្វើ រឺក៏ជួបប្រទះនោះទេ។ តែគាត់ត្រូវតែខំប្រឹងធ្វើដើម្បីរក្សាជីវិតវិលជួបគ្រូសារ។ របរចំណីអាហារក៏បានផ្លាស់ប្តូរទៅជាបបររាវៗពីរពេលវិញ ជូនកាលបានលាយជាមួយដើមចេក ជួនកាលអំបិល។ ម៉ែប្រាប់ថាពេលខ្លះគាត់សឹងរកមិនឃើញគ្រាប់អង្គរនៅក្នុងចានបបរនោះទេ ព្រោះវាសុទ្ធតែទឹក។ ដោយសារតែកង្វះអាហារមូលដ្ឋាន រួមជាមួយការរស់នៅហាលខ្យល់ហាលភ្លៀងបែបនេះធ្វើឲ្យកម្លាំងកុមារទាំងនោះកាន់តែចុះខ្សោយជាលំដាប់។

ពីរខែក្រោយមក…..

ពេលវេលាចេះតែកន្លងផុតទៅ បន្សល់ទុកនូវភាពឈឺចាប់ខ្លោចផ្សារគ្រប់បែបយ៉ាង មេកងដ៏សែនសាហាវនោះមិនបានសន្តោសដល់អ្នកជង្ងឺណាម្នាក់ទេ បើសិនជាអ្នកណាឈឺគឺគេបញ្ជាឲ្យទៅវៃដុំដី រែកលាមក (មនុស្ស) យកមកធ្វើជី ដូច្នេះទោះបីជាឈឺយ៉ាងណាក៏គ្មាននរណាម្នាក់ហ៊ានត្អូញត្អែរដែរ។ ម៉ែនៅចាំបានថាថ្ងៃមួយនោះពេលរសៀល ពូសុវណ្ណដែលជាមិត្តម៉ែនោះបានដើរមកជិតម៉ែរួចសួរម៉ែថា៖ ធារី! ហ្នែងមានស្គរស៊ីទេ គ្នាសុំតិចមកគ្នាឃ្លានស្ករណាស់។ ម៉ែ៖ គ្នាមានតែនៅសល់តិចណាស់ បើឯងយកគ្នាចែកឲ្យពាក់កណ្តាល តែកុំឲ្យនរណាគេដឹងឲ្យសោះ។ ពូវណ្ណកាលបើលឺបែបនោះអរខ្លាំងណាស់ ព្រោះគាត់បានទទួលនូវអ្វីដែលគាត់ត្រូវការ។ ម៉ែប្រាប់ថាពួវណ្ណស្រកសាច់ច្រើនណាស់បើធៀបកាលនៅចំការដំឡូង ពូវណ្ណមានសាច់ឈាមស្រស់ថ្លា តែពេលនេះគាត់ធំតែក្បាលទេ ពោះឡើងបាក់ ក្បាលជង្គង់វិញឡើងដូចក្បាលញញួរ ជើងហើមធំទៅៗ ដែលជាសញ្ញាណបញ្ជាក់ថាគាត់កើតជំងឺកង្វះជីវជាតិធ្ងន់ធ្ងរណាស់។ បន្ទាប់ពីបានទទូលរបបបបររាវដូចទឹកជាអាហារថ្ងៃត្រង់មក ពូវណ្ណបានដើរមកកន្លែងធ្វើការវិញដើម្បីទទួលស្ករពីម៉ែ។ ស្ករត្នោតដែលមានទំហំតូចជាងមេដៃមនុស្សធំ ត្រូវបានពន្លាតពីក្រណាត់សៀតនៅចង្កេះម៉ែ ម៉ែកាន់ស្ករនោះហុចឲ្យពូវណ្ណដោយមិនដាច់អាល័យព្រោះវាជាកំណាត់ស្ករចុងក្រោយដែលម៉ែមានហើយ ម៉ែមិនបានចែកជាពាក់កណ្តាលនោះទេ ដោយសារវាតូចពេកណាមួយអាណិតមិត្តខ្លូនដែលឃ្លានឡើងញ័រខ្លូនហើយ។ វាក៏ជាពេលចុងក្រោយដែលម៉ែបានឃើញមិត្តគាត់ម្នាក់នេះដែរ។ ពូវណ្ណបានទទួលយកដោយក្តីរីករាយបំផុត គាត់់ពបស្ករនោះដាក់ចូលមាត់យ៉ាងតក់ក្រហល់ ម៉ែបានប្រាប់ថាគ្រានោះដែរ ពូវណ្ណមានភ្នែកចម្លែកខុសមនុស្សធម្មតា គាត់មិនបានឃើញប្រស្រីភ្នែកពូវណ្ណទេ គឺថាភ្នែកគាត់មានតែពណ័សប៉ុណ្ណោះ កាលពី២ថ្ងៃមុនពូវណ្ណបានត្អូញថា គាត់មើលអីមិនសូវឃើញទេ ហើយតែងតែយល់សប្តិឃើញឪពុកម្តាយនិងបងប្អូនគាត់ឈរញញឹមនៅត្រើយម្ខាងទន្លេរហើយបក់ដៃហៅគាត់។ បន្ទាប់ពីទំពារស្ករអស់ពូវណ្ណក៏ក្រោកលាម៉ែខ្ញុំទៅធ្វើការដោយពោលពាក្យថា៖ ខ្ញុំអរគុណរីឯងណាស់ ដែលបានឲ្យស្ករខ្ញុំ បើសិនជាខ្ញុំមានអីហូបខ្ញុំនឹងយកមកចែកឯងវិញណា ខ្ញុំទៅធ្វើការហើយ។ ពូវណ្ណលាទៅទាំងអស់ចិត្ត ដំណើរគាត់ដើរទ្រេតទ្រោតដូចមនុស្សស្រវឹងស្រា តែនេះដោយសារតែគាត់គ្មានអ្វីទទួលទានគ្រប់គ្រាន់។ ម៉ែនៅមើលគាត់ដើរចេញដោយក្តីសោកសៅ ម៉ែមានអារម្មណ៏ថាគាត់នឹងបែកទៅជារៀងរហូតហើយ ម៉ែបានត្រឹមតែយកដៃខ្ទប់ទឹកភ្នែកយំម្នាក់ឯង ណាអាណិតមិត្តខ្លូន ណាមួយគិតថាជិតដល់វេនខ្លួនហើយ ហើយចិត្តមួយទៀតម៉ែនឹកផ្ទះកាន់តែខ្លាំង។
ស្បៃរាត្រីបានចូលមកលូងលោមអារម្មណ៏ដែលសោកសៅ និងភាពនឿយហត់របស់យុវជនយើងហើយ តែវាមិនអាចធ្វើឲ្យនរណាម្នាក់ស្រាកស្រាន្តពីក្តីទុក្ខបានទេ។ ដំណឹងអាក្រក់ក៏បានចូលមកដល់នៅពេលនោះដែរ គឺថាពូវណ្ណដែលម៉ែបានជួបកាលពីថ្ងៃមិញ បានស្លាប់បាត់ហើយ។ មីងថាវីបានទទូលដំណឹងនេះពីមិត្តរួមកងម្នាក់ទៀតដែលធ្វើការជាប់នឹងពូវណ្ណ។ ពូវណ្ណបានធ្លាក់បាក់កស្លាប់នៅពេលដែលគាត់កំពុងជីកប្រលាយត្រង់កន្លែងក្បាលទំនប់។ ការស្លាប់ដូចខ្មោចសត្វគ្មានការធ្វើបុណ្យតាមប្រពៃណី គឺជារឿងដ៏គួរឲ្យសង្វេកគ្មាននរណាម្នាក់គេចផុតទេក្នុងសម័យនោះ។ យប់រាងជ្រៅទៅហើយ ខ្យល់បោះរសៀកចូលមកក្នុងរោង ចំណែកមីងវីលាន់បត់ជើងតូចខ្លាំងណាស់ ក៏ដាស់ម៉ែខ្ញុំគ្រាន់ចេញទៅបានពីរនាក់។ មកដល់ក្បាលរោង មីងវីក៏បានចាប់ផ្តើមកិច្ចការរបស់គាត់ចប់សព្វគ្រប់ហើយ ស្រាប់តែពេលនោះម៉ែបានឃើញស្រមោលស្ទង់ៗ មិនដឹងជានរណាព្រោះជាយប់ថ្ងៃរនោច មិនសូវមានពន្លឺដូងចន្ទ័ទេ មីងវីខំប្រឹងសម្លឹងតាមស្រមោលនោះដែរ តែមិនដឹងថាជាអ្វីឲ្យប្រាកដ។ ម៉ែនិងមិត្តគាត់ក៏បកក្រោយដើរមកវិញ ពេលនោះមានដំដីជាច្រើនគប់សំដៅមកគាត់ ម៉ែនិងមីងវីក៏រត់ចូលទៅក្នុងវិញដោយការភ័យខ្លាច។
ព្រឹកឡើងម៉ែបាននិយាយរឿងនេះប្រាប់ដល់មិត្តរួមក្រុមដ៏ទៃទៀត គេគ្រប់គ្នាស្ងើចពូកគាត់ថាម៉េចហ៊ានមកនោមនៅក្បាលរោងនេះវិញ គេបានដំណើរប្រាប់ថានៅទីនេះជាក្រោលសេះកាលពីមុន ហើយគេតែងតែយកសេះមកចងជាប្រចាំ នៅទីនេះមានខ្មោចសេះច្រើនណាស់ ហើយដែលគួរឲ្យខ្លាចគឺមានបុរសគង្វាលសេះក៏បានស្លាប់នៅទៅនេះដែរ ក្រោយមកប្រពន្ធបុរសនោះដែលមានកូនជិតគ្រប់ខែក៏មកចងការស្លាប់តាមប្តីទៅ។ដូច្នេះក្បាលរោងនេះសាហាវណាស់ ពួកគាត់ថាសុទ្ធចិត្តដេកលេចនោមក៏មិនប្រថុយចេញមកដែរ បើសិនជាឈឺខ្លាំងសុទ្ធចិត្តទៅក្រោយរោងវិញ។ ចាប់តាំងពីថ្ងៃនោះមក ដំណឹងនេះបានលេចលឺដល់វិជ្ជានីដែលជាមេកង គាត់មិនខ្លាចទេ បែរជាជេរអ្នកដែលនាំគ្នាបំផុសបំផុលរឿងខ្មោចព្រាយនោះទៀត។ ម៉ែប្រាប់ថាថ្ងៃមួយមេកងឆ្នាស់នោះបានយកអង្រឹងមកចងដេកនៅក្បាលរោង ស្រាប់តែគាត់ត្រូវបានខ្មោចសេះនោះជាន់ បន្ទាប់មកក៏ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។

ខែ មេសា ឆ្នាំ ១៩៧៨

រយះពេលជិត៣ឆ្នាំហើយដែលរបបងងឹតនោះបានគ្របដណ្តប់លើវាសនាប្រជាជនខ្មែរ បេសកម្មជីកប្រលាយនិងលើកទំនប់របស់ម៉ែក៏បានរួចរាល់ជាស្ថាបពរ។ កងពលទាំងអស់ត្រូវបានគេឲ្យឈប់សម្រាកត្រលប់ទៅផ្ទះរយះពេល៤ថ្ងៃ ហើយត្រលប់ទៅជួបគ្នានៅកងឈ្លបធំដែលម៉ែនៅកាលពីមុនជាមួយមេកងឈ្មោះវី។ ម៉ែ បានហៅមីងថាវីមកលេងផ្ទះដូចកាលមុនដដែល ពួកគាត់បានធ្វើដំណើរកាន់តែយូរជាងមុន តែដោយសារតែមានរទេះស្រូវគេឆ្លងកាត់ទីនោះ គេបានឲ្យពួកគាត់ដោយសារបានពាក់កណ្តាលផ្លូវដែរ ព្រោះម៉ែនៅឆ្ងាយជាងគេ។ ចំណាយពេលជិតមួយថ្ងៃ ម៉ែបានត្រលប់មកដល់ផ្ទះវិញដោយមិនបានជួបនឹងរឿងដូចកាលពីមុនទេ នេះប្រហែលជាដោយសារអំបោះសក្ត័សិទ្ធដែលតាខ្ញុំឲ្យហើយមើលទៅ។ ស្ថានភាពគ្រួសារមិនដូចកាលពីមុនឡើយ ប្អូនប្រុស២នាក់របស់ម៉ែខ្ញុំត្រូវបានគេបញ្ជូនឲ្យទៅធ្វើការហើយ តាក៏ទៅរកត្រី ចំណែកយាយវិញគាត់ត្រូវគេប្តូរការងារពីអ្នកធ្វើស្ករត្នោត ទៅជាអ្នករៀបជង្រុកស្រូវម្តង ទោះបីជាវាមានការនឿយហត់មែនតែយាយរាងស្រួលខ្លូនជាងមុនព្រោះគាត់អាចលបលួចសម្រាកពេលថ្ងៃត្រង់នៅទីនោះបាន ហើយជាពិសេសដល់ខែធ្លាក់ខ្យល់ទីនោះពិតជាកក់ក្តៅណាស់។
ថ្លែងពីយាយខ្ញុំម្តង គាត់បានប្រាប់ថាក្នុងឆ្នាំនោះពាក់កណ្តាលខែមេសា គាត់បានមើលឃើញព្រះអាទិត្យពីរបានរះទន្ទឹមគ្នា ហើយគាត់ក៏បានប្រាប់គេឲ្យមើលគ្រប់ៗគ្នាដែរ ដែលនេះជាប្រផ្នូលថាអាចកើតសង្គ្រាមជាមិនខាន រំលងទៅបានមិនបានប៉ុន្មានផង ការផ្ទុះសង្គ្រាមនៅតាមជាយដែន រវាយកងទព័រំដោះវៀតណាម និងកងទព័ខ្មែរក្រហមបានចាប់ផ្តើមប្រតិបត្តិគ្នាយ៉ាងក្តៅគគុក។
បន្ទាប់ពីបានសម្រាកអស់រយះពេល៤ថ្ងៃមក ថ្ងៃចាប់ផ្តើមការងាររបស់ម៉ែខ្ញុំក៏បានមកដល់ ម្តងនេះមានកិច្ចការពីរសម្រាប់ពូកគាត់គឺទី១ ជីករណ្តៅដែលមានទំហំធំ គាត់មិនដឹងថាត្រូវជីកធ្វើអ្វីទេ ហើយទីពីរនោះគឺជីករូងធ្វើឡឥដ្ឋ។ ការងារទី១ទើបបានសម្រេចត្រឹមពាក់កណ្តាលគេក៏ផ្ទេរឈ្មោះម៉ែខ្ញុំឲ្យទៅធ្វើការងារទី២គឺជីកឡរឥដ្ឋ មីងថាវីក៏បានមកជាមួយម៉ែដែរ។ ហើយគេឃើញមានមនុស្សខ្ទង់ជាង២០ទៅ៤០ឆ្នាំជាច្រើននាក់ត្រូវបានគេនាំយកទៅទីនោះដោយប្រាប់ថាឲ្យទៅបង្ហើយការងារនោះ ម៉ែឆ្ងល់ណាស់ម៉េចបានជាគេមិនយកមនុស្សធំៗទៅជីកតាំងពីដំបូងទៅ? ព្រោះមនុស្សធំមានកម្លាំងខ្លាំងស្រាប់់។ ចង្ងល់ទាំងនោះត្រូវបានរំសាយទៅវិញបន្ទាប់ពីបានលឺសំលេងផាំងៗ ផ្ទួនៗគ្នា មនុស្សធំៗភាគច្រើនគេដឹងហើយថា គេយកមនុស្សមួយវ៉ូងអំបាញ់មិញនោះទៅវៃចោល។ ពុទ្ធោ!! ម៉ែបានដឹងតពីគេ គាត់មិននឹកស្មានថារណ្តៅដែលពួកគាត់ខំជីកទាំងយប់ទាំងថ្ងៃនោះជាផ្នូរកប់សាកសពមនុស្សទាំងនោះសោះ។ ម៉ែបានត្រឹមតែលើកដៃបន់ស្រន់ក្នុងចិត្តថាសូមកុំឲ្យរឿងទាំងនោះធ្លាក់លើគ្រួសារគាត់អី។
បន្ទាប់ពីផ្លាស់ទៅកន្លែងទី២មីងវីបានទទួលដំណឹងពីពូផន ថាពូផនត្រូវមីនដាច់ជើងបាត់ទៅហើយ មីងវីអាណិតដល់គូរកំណាន់ចិត្តជាពន់ពេក គាត់ធ្លាប់បានជួបពូផនម្តងពេលដែលពូផនត្រលប់មកមន្ទីរពេទ្យកងទព័។ ជើងគាត់ដើរប៉ាក់ពើកៗ ហើយមុខគាត់មានស្នាមឆ្នូតជាច្រើនកន្លែងដោយសារអំបែងគ្រប់មីន ពូផនគេចមុខមិនចង់ជួបមីងវីទៀតទេ តែមីងវីនៅតែព្យាយាមរហូតបានជួបនិងនិយាយប្រាប់ពួផនថាគាត់នៅរង់ចាំពូផនជានិច្ច។ ថ្ងៃនេះពូផនត្រូវត្រលប់ទៅវិញហើយ ពូផនបានស្នើរឈ្មោះសុំរៀបការជាមួយមីងវីដល់ថ្នាក់លើ។ ថ្នាក់លើក៏មិនជំទាស់ដែរ ព្រោះគេទុកអទិភាពឲ្យកងទព័ពិការមានសិទ្ធិរើសយកនារីស្អាតៗទាំងនោះជាភរិយា។ តែគាត់មិនអាចរៀបការនៅពេលនោះបានទេ ព្រោះថ្នាក់លើត្រូវការឲ្យគាត់ទៅសមរភូមិបន្តទៀត កាលនោះគេល្បីគ្រប់គ្នាថាពូផនបានក្លាយជាអគ្គមេបញ្ជាការរងកងទព័។

ឃ្លាតលុះអវសាន្ត……

ច្រើនថ្ងៃកន្លងមកមីងវីស្រាប់តែធ្លាក់ខ្លួនឈឺ មិនដឹងថាវាជាមូលហេតុអ្វីនោះទេ មីងវីប្រាប់ថាមានមនុស្សស្រីម្នាក់ចេះតែមកស្រែកហៅឲ្យគាត់ទៅនៅជាមួយគេ។ ម៉ែព្យាយាមទៅសុំថ្នាំគ្រប់អាចម៏ទន្សាយ(ថ្នាំម្យ៉ាងមានជាតិផ្អែម) ពីមន្ទីរពេទ្យនៅក្បែនោះ តែក៏មិនអាចព្យាបាលមីងវីបានដែរ។ ម៉ែប្រាប់ថាពេលនោះម៉ែរកមិនឃើញអំបោះដែលតាចងនៅដៃមីងវីទេ មិនដឹងថាវាជ្រុះរឺក៏មីងវីដោះចេញឡើយ។ មីងវីក៏បានដាច់ខ្យល់ស្លាប់នៅលើដៃម៉ែខ្ញុំ បន្សល់ឲ្យម៉ែខ្ញុំហេងហាងដូចមនុស្សលេចទូកកណ្តាលទនេ្លរ មិនដឹងថាត្រូវបរិយាយយ៉ាងណាទេ។ មីងវីគ្រាន់តែផ្តាំប្រាប់ឲ្យពូផនចាំគាត់ផងតែប៉ុណ្ណឹងក៏ដាច់ខ្យល់ទៅ។ សាកសពគាត់ត្រូវបានគេជួយយកទៅកប់នៅក្នុងព្រៃជ្រៅដោយសារតែគាត់កាលនោះជាគូរកំណាន់លោកមេបញ្ជាការរងផង។ យប់គម្រប់៧ថ្ងៃនេះការស្លាប់របស់មីងវី ម៉ែបានយល់សប្តិឃើញមីងវីមកប្រាប់ម៉ែថាឲ្យរត់ទៅជើង កុំឲ្យទៅត្បូង ហើយម៉ែបានឃើញឡឥដ្ឋដែលម៉ែកំពុងជីកសុទ្ធតែភ្លើង។ ប្រម្នូលមិនល្អនៃយល់សប្តិនេះបានធ្វើឲ្យម៉ែភ័យខ្លាចជារៀងរហូត។

៧ មករា ឆ្នាំ១៩៧៩……

បន្ទាប់ពីមានសង្គ្រាមដ៏ក្តៅគគុកមក កងទព័ខ្មែរក្រហមហាក់ដូចជាចុះខ្សោយជាលំដាប់ រហូតដល់ថ្ងៃរំដោះបានមកដល់។ នៅមុននោះពីថ្ងៃគេបានបញ្ជាឲ្យអ្នកជីកឡឥដ្ឋទាំងអស់ខំប្រឹងធ្វើឲ្យលឿនព្រោះថាជិតប្រហែលជា៣ថ្ងៃទៀតគឺរួចរាល់ហើយ។ ម៉ែកាន់តែខ្លាចពេលលឺដូច្នេះតែគាត់មិនដឹងធ្វើយ៉ាងនោះទេ។ ជាសំណាងល្អថ្ងៃរំដោះនោះមេកងក្រុមផ្សេងៗគេបានបំបែកវ៉ូងអស់ហើយ ហើយមាននារីម្នាក់បានមកប្រាប់ពួកគាត់នៅពេលល្ងាចថ្ងៃទី៦ថា ឲ្យទៅរកស្រុករៀងខ្លូនទៅ ឪពុកម្តាយអ្នកនៅទៅណាទៅរកគាត់ទៅ កងឈ្លបត្រូវបានរំសាយហើយ។ នារីម្នាក់នោះមិនដឹងជានរណាទេ ម៉ែគ្រាន់តែដឹងថាគាត់នោះញញឹមមើលមកម៉ែមិនដាក់ភ្នែកទេ តែពេលម៉ែបែរទៅរកសួរគាត់ ក៏មិនឃើញគាត់។ ចម្លែកណាស់!!! ត្រូវរត់ទៅត្បូងកុំទៅជើងឲ្យសោះ ម៉ែចាំពាក្យនេះទុកជានិច្ច មានន័យថាដើរតាមព្រៃវិល កុំដើរតាមផ្លូវត្រង់។ មីងថាវីពិតជាចិត្តល្អណាស់ គាត់បានជួយម៉ែឲ្យរួចជីវិតហើយ បើសិនជាម៉ែមកវិញតាមផ្លូវត្រង់នោះម៉ែច្បាស់ត្រូវគ្រាប់ផ្លោងធំៗ ដែលគេកំពុងវៃចូលមិនខាន។ ភាគច្រើនអ្នកទៅតាមនោះស្លាប់សឹងគ្រប់គ្នា ចម្លែកតែព្រៃនោះទេមានសភាពស្ងប់ស្ងាត់ តែហាក់ដូចជាមិនឃើញតាតាពីរនាក់នោះសោះ ចំណែកសត្វបក្សាបក្សីក៏មិនដឹងជារត់ទៅណាអស់ មកពីពួកវាភ័យខ្លាចមែនទេ? ម៉ែមិនបានអើពើររកចម្លើយវាទេ អ្វីដែលសំខាន់គឺទៅឲ្យដល់ផ្ទះ។
ដោយសារតែគុណបុណ្យមហាកុសលរបស់ម៉ែ ម៉ែបានត្រលប់មកដល់ផ្ទះដោយសុវត្តិភាព ក្រុមគ្រួសារទាំងមួលបានមកជុំគ្នា។ កាលនោះដែរពូទី៣របស់ខ្ញុំគាត់ក៏ធ្លាក់ខ្លូនឈឺតែមិនទាន់ធ្ងន់ធ្ងរទេ។
បន្ទាប់ពីបានរំដោះប្រទេសពីរបបខ្មៅនោះមក ប្រជាជនកម្ពុជាក៏បានចាប់ផ្តើមស្គាល់នូវជីវិតថ្មីមួយវិញ។ តាយាយក៏បានដូរមកនៅផ្ទះគាត់ដែលនៅជាប់មាត់បឹងវិញ ដែលជាដីក្តេរ៏ពីតាយាយទួត។ ក្នុងឆ្នាំ១៩៨០តាយាយខ្ញុំក៏បានខ្ចីរទេះសេះគេមកជួញអំបិលផ្អកលក់នៅភ្នំពេញ ដើម្បីស្ទាបស្ទង់ស្ថានការណ៏ផង។ ១ឆ្នាំក្រោយមកក្នុងឆ្នាំ១៩៨១ ក្រុមគ្រួសាររបស់ម៉ែខ្ញុំក៏បានត្រលប់មកភ្នំពេញវិញ ដោយជីតាខ្ញុំបានចូលបម្រើការងារនៅរោងចក្រអគ្គិសនី។ កាលនោះផ្ទះគាត់នៅផ្សារដើមគរត្រូវបានគេផ្សេងចូលមកកាន់កាប់ហើយ ដូច្នេះគាត់ក៏បានមកចាប់ផ្ទះជាន់ទី២នៅម្តុំរោងចក្រវិញ។ ជំនាន់នោះគេមិនហ៊ាននៅផ្ទះម្នាក់ឯងទេ ដូច្នេះក្រុមគ្រូសារតាខ្ញុំមានគ្នាដល់ទៅ៦នាក់ បានរស់នៅជាមួយគ្រូសារគេ១ទៀតដែលមានគ្នា៤នាក់ក្នុងផ្ទះតែមួយល្វែងប៉ុណ្ណោះ។ ធ្វើការបានយូរបន្តិចគាត់ក៏បានចុះមកនៅខាងក្រោមវិញ ដែលដីនោះកាលមុនគ្រាន់តែជាឃ្លាំងដាក់អីវ៉ាន់ជំនាន់ខ្មែរក្រហមប៉ុណ្ណោះ និងជាកន្លែងចាក់សំរាមរបស់ពូកអ្នកនៅផ្ទះថ្ម។ ក្រុមគ្រូសារម៉ែខ្ញុំទាំងមូលបានប្រែក្លាយដីនោះទៅជាលំនៅដ្ឋានដ៏សែនសុខសាន្ត និងជាកន្លែងផ្តល់កំណើតខ្ញុំ រហូតដល់ខ្ញុំធំដឹងក្តី។ ខ្ញុំតែងតែចងចាំថាបើសិនជាខ្ញុំកើតក្នុងសម័យនោះម្លេះសមខ្ញុំមិនមានអនាគតបែបនេះទេ សមខ្ញុំមិនចេះអក្សរដូចម្តាយខ្ញុំអញ្ចឹង។ ប្រហែលជា៣ឆ្នាំក្រោយមកក៏មានលេចលឺដំណឹងពូផនថាគាត់តាមពិតជារនុកក្នុងកងទព័រំដោះទេ គាត់បានបញ្ជាឲ្យគេបាញ់ជើងគាត់ដើម្បីផ្តល់នូវភាពជឿជាក់ដល់ថ្នាក់លើ មូលហេតុដែលគាត់គេចមុខពីមីងថាវីដោយសារតែគាត់ខ្លាចមីងថាវីមានគ្រោះថ្នាក់ តែក្រោយមកគាត់ដឹងថាថ្នាក់លើគេទុកចិត្តគាត់ក៏ស្នើរសុំរៀបការតែម្តងទៅ។ ពូផនបានគេចទៅរស់នៅជំរុំសាយធូ រយៈកាលក្រោយមកគាត់បានសាកសួរដំណឹងរបស់មីងថាវី តែមិនបានទទួលដំណឹងនោះសោះ។ នៅខ្ទង់ឆ្នាំ១៩៨៥ ពូផនបានចូលបំរើការងារជាមួយកងទព័ជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងជំរុំ គាត់នៅមិនទាន់មានគ្រួសារនៅឡើយទេ។ តាមសម្តីអ្នកប្រាប់ម្តាយខ្ញុំថា ពួផនរកឪកាសវិលចូលមកស្រុកដើម្បីរកមីងថាវី។ ក្នុងឆ្នាំ១៩៨៦ ពូផនបានវិលចូលមកក្នុងស្រុកខ្មែរវិញសាកសួរពីដំណឹងរបស់មីងថាវី តែលទ្ធផលគឺមីងវីបានស្លាប់បាត់ហើយ មានអ្នកចាស់នៅទីនោះគេប្រាប់ថាផ្នូរមីងវីនៅខាងក្រោយរោងកងធំ ឈៀងមន្ទីរពេទ្យទព័។ ពូផនបាននិមន្តព្រះសង្ឈមកសូត្រមន្ត បញ្ជូនមគ្គផលដល់ព្រលឹងគួរស្មេហ៏ រួចគាត់ក៏បានវិលត្រលប់ចូលទៅកាន់ជំរុំដើម្បីដាក់ពាក្យលាឈប់ពីការងារ។ ដំណើរផ្សងព្រេងរបស់ពូផលត្រូវបានបញ្ចប់នៅក្នុងឆ្នាំ១៩៨៩ ពូផនបានស្លាប់ហើយដោយសារតែគ្រាប់មីន នៅអំឡុងពេលគាត់បំរើការងារឲ្យអ្នកកាសែតបរទេសរបស់ UN។ តាំងពីពេលនោះមក គួស្មេហ៏បរិសុទ្ធមួយ គូរនេះបានរស់នៅដោយសុក្ខសាន្ត។ ម៉ែបានប្រាប់ថាកាលពេលខ្ញុំកើតមកបានជាង១០ថ្ងៃគាត់យល់សប្តិឃើញមីងវីនិងពូផនមកលេងគាត់ព្រមទាំងបានមកលេងជាមួយខ្ញុំទៀត គាត់បានដាក់ឈ្មោះមួយឲ្យខ្ញុំ។ ប្រហែលជា១សបា្តហ៏ក្រោយមក ម៉ែក៏បានយកខ្ញុំទៅលេងលោកតាចៅអធិការនៅវត្តមួយ(ខ្ញុំភ្លេចឈ្មោះហើយ) ដើម្បីឲ្យលោកដាក់ឈ្មោះល្អមួយដល់ខ្ញុំ លោកតាក៏មានបានប្រទានឈ្មោះមួយឲ្យខ្ញុំ ឈ្មោះនោះគឺវាដូចគ្នាប៉ះបិទនិងឈ្មោះដែលមីងវី ពូផនបានដាក់ឲ្យ។

សូមឧទ្ទិសរឿងនេះជូនដល់ព្រលឹងគូរស្មេហ៏ មីងវី ពូផន សូមឲ្យពូកលោកបានស្ថិតនៅក្នុងពិភពសុខសាន្តជារៀងរហូត!! អរគុណមីងវីដែលតែងតែតាមជួយម៉ែខ្ញុំ!!! អរគុណតាចាស់ស្រុកដែលបានជួយយាយខ្ញុំ!!! អរគុណពូសុវណ្ណដែលតែងតែតាមការពារម៉ែពីក្រោយ!!! ជាពិសេសអរគុណកុងទូតខ្ញុំដែលតែងតែនៅតាមការពារក្រុមគ្រូសារទាំងមូល ទោះខ្ញុំមិនបានឃើញរូបលោកផ្ទាល់តែខ្ញុំដឹងថាលោកគឺជាបុគ្គលដ៏ល្អបំផុត។

សំដីម៉ែខ្ញុំគ្រប់ម៉ាត់បានដាស់តឿនឲ្យខ្ញុំក្រោកឈរ និងយល់ពីជីវិតកាន់តែច្រើន!!!!
អរគុណម៉ែសម្រាប់អ្វីគ្រប់យ៉ាង កូនស្រលាញ់ម៉ែ។
ភ្នំពេញ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១២
ផល្លី។

រឿងខ្មោច

Apple ចេញ​លក់​ iPhone 4 ពណ៌​ស​ហើយ

ពេល​នេះ​ក្រុមហ៊ុន Apple​បាន​ចេញ​លក់​ហើយ​នូវ​​ទូរសព្ទ​ឆ្លាត iPhone 4​ពណ៌​ស​ដែល​គេ​បាន​រង់​ចាំ​​ដោយ​អន្ទះសា​អស់​ពេល​ជា​យូរ​មក​ហើយ​នៅ​ឯ​ហាង​អនឡាញ​របស់​ក្រុមហ៊ុន ក៏​ដូច​ជា​ហាង​ AT&T, Verizon និង ហាង​លក់​រាយ​មួយ​ចំនួន​ទៀត​ដែល​មាន​សិទ្ធិ។

ក្រុមហ៊ុន Apple បាន​ប្រកាស​ពី​ទូរសព្ទ​ឆ្លាត​ iPhone 4 ពណ៌​ស​នេះ តាំង​តែ​ពី​ដើម​ខែ​មិថុនា​ឆ្នាំ ២០១០​មក​ម្ល៉េះ​ក្នុង​សន្និសីទ​អ្នក​សរសេរ​កម្មវិធី​ពិភពលោក​។ នៅ​ពេល​នោះ ក្រុមហ៊ុន​បាន​និយាយ​ថា​គេ​អាច​នឹង​ដាក់​លក់​ដំណាល​គ្នា​នឹង​ទូរសព្ទ iPhone 4 ពណ៌​ខ្មៅ​ដែរ តែ​បញ្ហា​បាន​ចាប់​ផ្ដើម​កើត​មាន។ ក្រុមហ៊ុន​មិន​ដែល​បាន​បញ្ជាក់​ពី​ពាក្យ​ចចាមអារ៉ាម​ជំ​វិញ​ការ​ពន្យារ​ពេល​ចេញ​លក់​ទូរសព្ទ​នេះ​ឡើយ ដែល​អ្នក​ខ្លះ​បាន​និយាយ​ថា​ វា​បណ្ដាល​មក​ពី​ពណ៌​ដែល​បាន​​បាញ់​លាប​មិន​ដូច​ពណ៌​គំរូ និង​មាន​បញ្ហា​ប៊ូតុង Home។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុមហ៊ុន​បាន​ធ្វើ​ការ​ប្រកាស​ព័ត៌មាន​ថា ការ​ចេញ​លក់​ទូរសព្ទ…​ប្រភេទ​នេះ​នឹង​ត្រូវ​ពន្យារ​ពេល​ដោយ​សារ​តែ​មាន​បញ្ហា​ក្នុង​ការ​ផលិត។ ក្រោយ​មក​ក្រុមហ៊ុន​​ប្រកាស​បន្ថែម​ទៀត​​គឺ​នឹង​ចេញ​លក់​ក្នុង​​និទាឃ​រដូវ ឆ្នាំ​២០១១។ 17 more words

សុខភាព និង សម្រស់

ធ្វើ​យ៉ាងម៉េច​​ទើប​គេ​ទុក​យើង​ជា​មនុស្ស​សំខាន់!

បើ​ចង់​អោយ​បុរសៗ​ ចាត់​ទុក​យើង​ជា​មនុស្ស​សំខាន់​​ វា​មិន​មែន​ជារឿង​លំបាក​អ្វី​នោះ​ទេ ​ដោយ​គ្រាន់​តែ​អនុវត្តន៏​ នូវ​៧​ចំនុច​ ខាង​ក្រោម​ដែល​BeGossip​បាន​ណែនាំ​នេះ​ទៅ​​ នឹង​ធ្វើ​អោយ​អ្នក​ក្លាយ​ជា​មនុស្ស​សំខាន់​ និង​អស្ចារ្យ​ក្នុង​ក្រសែ​​ភ្នែក​របស់គេ​​ជាក់​ជា​មិន​ខាន ៖

ទី១ ៖ ពឹង​គាត់​អោយ​ជួយធ្វើ​អ្វី​មួយ​ដែល​អ្នក​មិន​អាច​ធ្វើ​ខ្លួន​ឯង​បាន​ ដូច​ជា​ការ​ជួស​ជុល របស់​ប្រើ​ប្រាស់របស់​របរ​​ក្នុង​ផ្ទះ​ជា​ដើម គាត់​នឹង​មាន​អារម្មណ៏​ល្អ​ដែល​អ្នក​ជឿជាក់​លើ​សមត្ថភាព​​របស់​គាត់ ។

សុខភាព និង សម្រស់

កម្តៅថ្ងៃបង្កើនកម្រិតវីតាមីន D

ការ​ដែល​ស្បែក​​យើង​ត្រូវ​កម្តៅ​ថ្ងៃ​​ចំពេល​កំពុង​ក្តៅ​ខ្លាំង​​ដោយ​មិន​​មាន​ការ​ប្រើ​​ក្រែម​ការ​ពារ​ស្បែក​ ឬ​ឡេ​ការ​ពារ​ស្បែក​ គឺ​ជា​ល្អ​សម្រាប់​ខ្លួន​យើង​ នេះ​បើ​តាម​ដំបូ​ន្មា​​ន​​​​របស់​ក្រុម​អ្នក​ជំនាញ​​បាន​​ប្រាប់​ការ​ផ្សាយ​​របស់​វិប​សៃថ៍​ Telegraph ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​នេះ។​ ក្រុម​ជំនាញ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​សំដិល​ខ្លួន​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ពី​ ១០​ ទៅ​ ១៥ នាទី​ នឹង​ជួយ​បង្កើន​កម្រិត​វី​តា​មីន​ D។ ចំណែក​ឯ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​លើក​ឡើង​ថា​ កង្វះ​ខាត​វី​តា​មីន​ D វា​នឹង​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ព្រម​ទាំង​ជំងឺ​មហា​រីក​ជា​ច្រើន​មុខ​ ក៏​ជា​ធ្វើ​ឲ្យ​មនុស្ស​ពេញ​វ័យ​មាន​ឆ្អឹង​មិន​រឹង​មាំ៕

សុខភាព និង សម្រស់